រាជធានីភ្នំពេញ៖បើតាមទំព័រ Facebook របស់ក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា អង្គភាពប្រឆាំងអំពើពុករលួយ ACU បានបំពាក់កាមេរ៉ាសុវត្ថិភាព នៅគ្រប់មណ្ឌលកំណែទាំងអស់ ដើម្បីអង្កេតមើលពីសកម្មភាព របស់លោកគ្រូ អ្នកគ្រូ និងគណៈកម្មាធិការទាំងអស់ ជុំវិញការធ្វើកំណែរបស់បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំណេះទូទៅ និងបំពេញវិជ្ជា ឆ្នាំ២០១៦។
ប្រភពដដែលបញ្ជាក់ថា សកម្មភាព នៃការបំពាក់កាមេរ៉ាសុវត្ថិភាព ដោយមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ នៅគ្រប់បន្ទប់កំណែទាំងអស់ និងបន្ទប់គណៈកម្មការកណ្តាល ក្នុងមណ្ឌលកំណែ ដើម្បីត្រៀមរៀបចំ ដំណើរការកំណែ។
គួរបញ្ជាក់ថា លទ្ធផល នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០១៦នេះ នឹងត្រូវបិទប្រកាសនៅរាជធានីភ្នំពេញ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦ និងបិទប្រកាសនៅតាមបណ្តាខេត្ត នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦ ខាងមុខនេះផងដែរ៕