ដោយ៖ប៉ែនសុផល
បាត់ដំបង៖កម្លាំងជំនាញនៃការរិយាល័យចរាចរណ៍ផ្លូវគោកខេត្តបាត់ដំបងបានរកឃើញយានយន្ដដែលចរាចរណ៍លើកំណាត់ផ្លូវជាតិលេខ៥៧ បើកបរលើសល្បឿនកំណត់ជាមធ្យមជាង១០០គ្រឿងក្នុង១ថ្ងៃ។
នៅក្នុងការចុះត្រួតពិនិត្យលើគោលដៅផ្លូវលេខ៥៧កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៦ លោកវរសេនីយ៍ឯក សាត គឹមសាន្ដ នាយការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលខេត្តបាត់ដំបងបានអោយដឹងថា ការចុះត្រួតពិនិត្យច្បាប់លើយានយន្ដគ្រប់ប្រភេទតាមគោលដៅឈរជើងនិងគោលដៅចល័តជាការពង្រឹងការគោរពច្បាប់ចរាចរណ៍របស់សាធារណះជនទាំងការប្រើប្រាស់នៅតាមបណ្ដាផ្លូវជាតិក្នុងនិងក្រៅទីប្រជុំជនឈានទៅកាន់ការកាត់បន្ថយអត្រាគ្រោះចរាចរណ៍ដែលកើតមានឡើងគួរអោយព្រួយបារម្ភនាពេលបច្ចុប្បន្ន។
ក្នុងខេត្តបាត់ដំបងការិយាល័យចរាចរណ៍ផ្លូវគោកបានគាត់សំគាល់ឃើញថាមានស្រុកចំនួន៦ដែលប្រឈមការគ្រោះថ្នាក់ខ្លាំងជាងគេក្នុងនោះមានស្រុកសង្កែ បាណន់ ថ្មគោល ស្រុកបវេល រតនះមណ្ឌលនិងស្រុកសំឡូត បណ្ដាលមកពីកត្តាមនុស្សមិនគោរពច្បាប់ចរាចរណ៍ បើកបរមិនគោរពផ្លាកសញ្ញា ផ្លាកល្បឿននិងអ្នកបើកបរមានផ្ទុកសារជាតិគ្រឿងស្រវឹង។
លោកវរសេនីយ៍ឯក សាត គឹមសាន្ដ បន្ដថា រាល់ការចុះត្រួតពិនិត្យតាមគោលដៅសំខាន់ៗកម្លាំងជំនាញត្រួតពិនិត្យល្បឿនយានយន្ដ ពិនិត្យរាល់បទដ្ឋានបច្ចេកទេសផ្សេងៗ សារជាតិស្រវឹង អប់រំ បិទផ្ទាល់ដល់គោយន្ដនូវសន្លឹកចំណាំងផ្លាត។ លោកបញ្ជាក់ថា យុទ្ធនាការដូចគ្នានេះនឹងបន្ដរហូតដល់បណ្ដាស្រុកទាំងអស់ក្នុងខេត្តបាត់ដំបង ដោយឡែកការត្រួតពិនិត្យនៅពេលនេះជាលទ្ធផលមានយានយន្ដបើកបរល្មើសល្បឿនកំណត់ចំនួន១១២គ្រឿង ពិន័យ៨៦គ្រឿង អប់រំម្ចាស់អ្នកបើកបរចំនួន២៦នាក់ និងត្រួតពិនិត្យ បិទសន្លឹកផ្ទាំងចំណាំងផ្លាតលើគោយន្ដបានជិត៥០០គ្រឿង៕
ការបើកបរលើផ្លូវសាធារណៈលើសល្បឿនកំណត់នៅតែជាការព្រួយបារម្ភ