ខេត្តកំពត៖នគរបាលក្រុងកំពតបានឃាត់ខ្លួនយុវជនម្នាក់ ក្រោយពីប៉ុនប៉ងរំលោភសេពសន្ថវៈលើនារីរងគ្រោះ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦ ក្នុងបន្ទប់ជួល ចំណុចក្រោយហាងខារ៉ាអូខេ «ខូល» ក្នុងភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្តាល ក្រុងកំពត។
ជនសង្ស័យឈ្មោះ ជីវ សុខលាង អាយុ២៥ឆ្នាំ រស់នៅភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត រីឯនារីរងគ្រោះ ឈ្មោះ ផ ស ន អាយុ១៧ឆ្នាំ រស់នៅភូមិកំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត។
តាមប្រភពព័ត៌មានពីមន្ដ្រីនគរបាលបានឲ្យដឹងថា មុនកើតហេតុ ជនសង្ស័យខាងលើ និងសង្សារ របស់នារីរងគ្រោះ ឈ្មោះ ណូ លីណារិទ្ធ បានជក់ថ្នាំញៀន នៅបន្ទប់ជួលខាងក្រោយខារ៉ាអូខេ «ខូល» ហើយជនសង្ស័យបានស្នាក់នៅក្នុងបន្ទប់ហ្នឹងដែរក្រោយជក់ថ្នាំញៀន។ ប្រភពដដែលបញ្ជាក់ថា លុះពេលដែលនារីរងគ្រោះ ដេកលក់បានសើយសំពត់ ពេលនោះជនរងគ្រោះបានភ្ញាក់ រួចបានច្រានជនសង្ស័យចេញ។
ក្រោយពេលកើតហេតុ នារីរងគ្រោះ បានប្តឹងកម្លាំងនគរបាល មកដល់ឃាត់ខ្លួននាំយក ទៅសាកសួរនាំ នៅអធិការដ្ឋាននគរបាល ក្រុងកំពត ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់៕