រាជធានីភ្នំពេញ៖អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានចេញដីកាកោះហៅមន្ត្រីក្រសួងអប់រំ៤នាក់ និងគ្រូបង្រៀនម្នាក់ ឲ្យចូលខ្លួនមកបំភ្លឺ ពាក់ព័ន្ធភាពមិនប្រក្រតី ពេលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិកាលពីថ្ងៃទី២២-២៣ ខែសីហា ឆ្នាំ២០១៦កន្លងទៅនេះ។
មន្ត្រីក្រសួងអប់រំ និងគ្រូបង្រៀនដែល ACU កោះហៅរួមមាន៖១-អ្នកគ្រូ ហ៊ន មុនីលក្ខស្ម៊ី គ្រូបង្រៀនវិទ្យាល័យទួលអំពិល ខណ្ឌដង្កោ រាជធានីភ្នំពេញ ពាក់ព័ន្ធការទទួលលុយពីបេក្ខជន។ ២-លោក ប៉ូវ វី អនុប្រធាននាយកដ្ឋាននីតិកម្ម នៃក្រសួងអប់រំ យុវជន និងកីឡា ពាក់ព័ន្ធភាពមិនប្រក្រតីការអនុវត្តតួនាទី ភារកិច្ច។ ៣-លោក ជីវ រដ្ឋា អគ្គនាយករង នៃអគ្គនាយកដ្ឋានយុវជន (ប្រធានមណ្ឌលកំណែមណ្ឌល វិទ្យាល័យព្រះយុគន្ធរ) ពាក់ព័ន្ធភាពមិនប្រក្រតី ក្នុងការអនុវត្តតួនាទីភារកិច្ច។ ៤-អ្នកគ្រូ ចាំង ចាន់ហួត គ្រូបង្រៀននៅវិទ្យាល័យ ហ៊ុន សែន ប៊ុន រ៉ានី ផ្សារដើមថ្កូវ ពាក់ព័ន្ធភាពមិនប្រក្រតីការអនុវត្តតួនាទី ភារកិច្ច។ ៥-អ្នកគ្រូ យី ស្រីង៉ែត គ្រូបង្រៀនវិទ្យាល័យទួលស្វាយព្រៃ ពាក់ព័ន្ធភាពមិនប្រក្រតីការអនុវត្តតួនាទី ភារកិច្ច៕