ដោយ៖ប៉ែនសុផល
បាត់ដំបង៖ប្រភពព័ត៌មានជុំវិញកន្លែងកើតហេតុបានអោយដឹងថា អគ្គិភ័យបានបង្កការឆាបឆេះឡើងក្នុងពេលលឿនយ៉ាងសន្ធោសន្ធៅទៅលើអគារសាលាហ្វឹកហ្វឺនរបស់អង្គការពុទ្ធសាសនាដើម្បីអភិវឌ្ឍន៍ បណ្តាលអោយរងការខូចខាតសម្ភារៈសិក្សាអស់ទាំងស្រុង ប៉ុន្តែមិនបានធ្វើអោយប៉ះពាល់ដល់មនុស្សឡើយ។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១ និង០០រំលងអធ្រាត្រថ្ងៃទី៣០ ឈានចូលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦ ឋិតក្នុងក្រុមទី១៤ ភូមិនិងឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង។
ប្រភពមួយផ្សេងទៀតបានអោយដឹងដែរថា ជុំវិញការឆេះនេះប្រជាពលរដ្ឋមានការសន្និដ្ឋានចំនួនពីរមូលហេតុ ទី១បង្កឡើងដោយទុស្សេខ្សែភ្លើង និងមានការលួចដុតព្រោះមុនពេលកើតហេតុ២ម៉ោង នៅយប់ថ្ងៃដដែលមានស្ត្រីម្នាក់វ័យកណ្តាលម្នាក់បានទៅដុតសម្ភារៈការិយាល័យរបស់សាលាឃុំអន្លង់វិល តែសំណាងល្អត្រូវប្រជាពលរដ្ឋជួយគ្នាពន្លត់ទាន់ពេលវេលា បន្ទាប់មកក៏បានភ្ញាក់ផ្អើលឡើងដោយភ្លើងឆេះសាលាហ្វឹកហ្វឺនអង្គការពុទ្ធសាសនាដើម្បីអភិវឌ្ឍន៍អតីតសាលានយោបាយក្នុងជំនាន់៣ឆ្នាំ៨ខែ២០ថ្ងៃ។
លោក ប៉ុក សុជាតិ ប្រធានសាខាអង្គការពុទ្ធសាសនាដើម្បីអភិវឌ្ឍន៍ខេត្តបាត់ដំបងបានអោយដឹងថា អគារងការឆេះខ្ទេចទាំងស្រុងនេះធ្វើអំពីឈើប្រក់សង្ក័សី ទំហំ១៥គុណ៣៥ម៉ែត្រ ខូចខាតអស់សម្ភារៈតុប្រជុំវែង១ តុការិយាល័យ១ កៅអីចំនួន៤០ ទូដាក់ឯកសារចំនួន២ និងក្តារខៀន១ចំនួនទៀត។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចបញ្ជាក់ថា មូលហេតុនៃការឆេះខាងលើបណ្តាលមកពីឆ្លងចរន្តអគ្គិសនី គ្រាអាសន្ននេះស្នងការនគរបាលខេត្តបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ចំនួន៤គ្រឿង៕