ដោយ៖ប៉ែន សុផល
បាត់ដំបង៖កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦ វេលាម៉ោង២១ និង១០នាទីកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបាត់ដំបងបានបង្ក្រាបករណីលួចដឹកសត្វព្រៃតាមរថយន្តក្រុងរបស់ក្រុមហ៊ុនថោង ស៊ីន ខណៈដែលកម្លាំងបានទទួលព័ត៌មានមានពីខេត្តបន្ទាយមានជ័យ។
ក្រោយពីទទួលព័ត៌មានពីកម្លាំងខេត្តបន្ទាយមានជ័យថា មានសកម្មភាពដឹកជញ្ជូនសត្វព្រៃចេញពីខេត្តបន្ទាយមានជ័យឆ្ពោះទៅខេត្តបាត់ដំបង ភ្នំពេញទើបស្នើសុំយោបល់ពីលោកឧត្តមសេនីយ៍ទោ ស ថេត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងដោយបានការអនុញ្ញាតពីលោក នួន សាន ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង នៅយប់ថ្ងៃទី ៣០ ខែ សីហា ឆ្នាំ ២០១៦ លោកវរសេនីយ៍ឯក កុយ ហៀងស្នងការរងទទួលផែនប្រឆាំងបទល្មើស និងលោកវរសេនីយ៍ឯក ម៉ៅ រង្ស៊ី នាយការិយាល័យនគរ បាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានដឹកនាំកម្លាំង និងប្រើប្រាស់វិធានការជំនាញរបស់នគរបាលតាមរយៈប្រជាពលរដ្ឋល្អបានផ្តល់ពត៌មានអំពីករណីបទល្មើសជួញដូរ និងដឹកជញ្ជូនសត្វព្រៃមួយករណីដែលឈ្មួញទុច្ចរិតកំពុងលួចលាក់ដឹកជញ្ជូនក្នុងទិសដៅពីខេត្តបន្ទាយមានជ័យឆ្ពោះទៅកាន់រាជធានីភ្នំពេញ។
ឆ្លងតាមរយៈកិច្ចប្រតិបត្តិការក្នុងយប់ថ្ងៃទី៣០ ខែ សីហា ឆ្នាំ ២០១៦ ក្នុងទឹកដីខេត្តបាត់ដំបងនូវ សត្វព្រៃចំនួន ០២ ប្រភេទត្រូវបាននគរបាលធ្វើការរិបអូសបានដែលក្នុងនោះមាន ១-សត្វអណ្តើករស់ចំនួន ២០៧ គីឡូក្រាម អណ្តើកធំចំនួន៣៤ក្បាល និងអណ្តើកតូចចំនួន១៧៣ក្បាល ស្មើនឹងពីររយប្រាំពីរគីឡូក្រាម) ២-សត្វពស់សង់សឿ រស់ចំនួន ១៦ គីឡូក្រាម (ដប់ប្រាំមួយគីឡូក្រាម )ដោយគ្មានម្ចាស់។
សូមជំរាបជូនថាជនសង្ស័យដែលជាម្ចាស់ ( សត្វអណ្តើក និងសត្វពស់ )ទាំងនេះ បានគេចខ្លួនបាត់ក្នុងពេលដែលសម្ថកិច្ចធ្វើប្រតិបត្តិការ ដែលបច្ចុប្បន្ននគរបាលជំនាញកំពុងធ្វើការស្រាវជ្រាវកំណត់ឲ្យបាននូវអត្តសញ្ញាណជនសង្ស័យដើម្បីយកមកទទួល ខុសត្រូវចំពោះមុខច្បាប់ ។
នៅព្រឹកថ្ងៃទី ៣១ ខែ សីហា ឆ្នាំ ២០១៦ នេះ ដោយបានការឯកភាពពីលោក នួន សាន ព្រះរាជ អាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ធ្វើការបានប្រគល់ ( សត្វអណ្តើក និងសត្វពស់ ) ទាំងនេះ ជូនទៅជំនាញរដ្ឋបាលជលផល ដើម្បីចាត់ចែងយកទៅប្រលែងនៅបឹងធម្មជាតិ ។ ក្នុងនាមស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សូមកោតសរសើរចំពោះទឹកចិត្តនៃការចូលរួមសហការណ៍ពីប្រជាពលរដ្ឋ និងសមត្ថកិច្ចពាក់ព័ន្ឋ ទាំងអស់ជាពិសេសលោកព្រះរាអាជ្ញាអមសាលាដំបូងខេត្តបាតលដំបង៕