រាជធានីភ្នំពេញ៖ប្រធានគណបក្សប្រឆាំងដែលកំពុងគេចខ្លួនទៅរស់នៅក្រៅប្រទេស លោក សម រង្ស៊ី ហៅការប្រើកម្លាំងទ័ពជើងទឹក ជើងគោក និងជើងអាកាស នាប៉ុន្មានថ្ងៃនេះ នៅក្បែរៗ ស្នាក់ការបក្សប្រឆាំងថា ជាសកម្មភាពរបស់មនុស្សតិរច្ឆាន។ ការថ្លែងដូច្នេះរបស់លោក សម រង្ស៊ី បានធ្វើឲ្យគេយល់ថា លោកបានប្រើពាក្យតិរច្ឆានទៅលើកងទ័ពជាតិ ។
គួរបញ្ជាក់ថា ប៉ុន្មានថ្ងៃមុននេះ មាននាវាជើងទឹក រថយន្ត និងឧទ្ធម្ភាចក្របាន បើកឆ្វែលចុះឆ្វែលឡើងជិតបរិវេណស្នាក់ការកណ្តាលគណបក្សសង្គ្រោះជាតិ នៅសង្កាត់ចាក់អង្រែលើប្រមាណ៤០នាទី។ ចលនារបស់កម្លាំងទ័ពនេះ នាំឲ្យមន្ត្រីគណបក្សសង្គ្រោះជាតិ ប្រជាពលរដ្ឋនៅជុំវិញនោះមានការភ្ញាក់ផ្អើល ហើយសារព័ត៌មានជាតិនិងអន្តរជាតិចាប់អារម្មណ៍ចុះផ្សាយហេតុការណ៍នេះផងដែរ ។
ទាក់ទិនសកម្មភាពនោះ លោក សម រង្ស៊ី បានផ្តល់បទសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរី ដោយហៅការចល័តកម្លាំងទ័ពនៅក្បែរៗ ទីស្នាក់ការគណបក្សសង្គ្រោះជាតិ នាតំបន់ចាក់អង្រែថា ជាការបំភិតបំភ័យពលរដ្ឋ។ លោកហៅសកម្មភាពនេះថាធ្វើឡើងដោយមនុស្សតិរច្ឆានមានន័យថា កងទ័ពដែលចូលរួមក្នុងសកម្មភាពនោះជាមនុស្សតិរិច្ឆាន ។ លោកថ្លែងថា ខណៈពេលបោះឆ្នោតជិតមកដល់ ហើយគេដឹងថា ពិតជាចាញ់ឆ្នោត ព្រោះប្រជាពលរដ្ឋទូទាំងប្រទេសគេចង់ផ្លាស់ប្តូរ ហើយអត់មានមធ្យោបាយទប់ស្តាត់ ធ្វើការបំភិតបំភ័យ មិនចង់ឲ្យមានការបោះឆ្នោតដោយសេរី ដោយរលូន ដោយត្រជាក់ គេបង្កើតតែវិធានការក្តៅ។លោកបញ្ជាក់ថា ខ្ញុំហៅថាមានតែមនុស្សពាល មនុស្សតិច្ឆានទេ ដែលប្រើមធ្យោបាយបែបនេះមកសម្លុតប្រជាពលរដ្ឋខ្មែរគ្នាឯង ។
ក្រៅពីលោក សម រង្ស៊ី ក៏មានមន្ត្រីបក្សប្រឆាំងមួយចំនួនទៀតបានហៅសកម្មភាពចល័តទ័ពនោះជាការគំរាមកំហែងបក្សប្រឆាំងផងដែរ ។ ប៉ុន្តែមន្ត្រីក្រសួងការពារជាតិនិង អ្នកនាំពាក្យរដ្ឋាភិបាលបកស្រាយថា នេះមិនមែនជាការគំរាមកំហែងបក្សប្រឆាំងឬពលរដ្ឋទេ គឺជាការធ្វើសមយុទ្ធ១ឆ្នាំម្តង ដើម្បីការពារសន្តិសុខសណ្តាប់ធ្នាប់របស់ជាតិ ។
មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល ប្រតិកម្មថា ការប្រមាថរបស់ទណ្ឌិត សម រង្ស៊ី មកលើរាជរដ្ឋាភិបាល មន្ត្រីយុត្តិធម៌និងកងខេមរភូមិន្ទកម្ពុជា គឺពុំអាចទទួលយកបានឡើយ ហើយពាក្យសំដីទណ្ឌិត សម រង្ស៊ី ជាពាក្យ ពាល ញុះញង់ និងបំផ្លាញសេចក្តីថ្លៃថ្នូររបស់ស្ថាប័នរដ្ឋ ៕