ដោយ៖ប្រុញ វិធិន
ខេត្តក្រចេះ៖លោក អ៊ុង ស៊ីយឿង ប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតក្នុងខេត្តក្រចេះ នាថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៦ បានបញ្ជាក់ថា ប្រជាពលរដ្ឋកម្ពុជា អាចចុះឈ្មោះបោះឆ្នោត តាមកន្លែងដែលខ្លួនស្នាក់នៅ ដោយគ្រាន់តែធ្វើលិខិតបញ្ជាក់ការស្នាក់នៅពីអាជ្ញាធរនៅមូលដ្ឋាននោះជាការស្រេច។
លោកប្រធានលេខាធិការដ្ឋានបានបញ្ជាក់បន្តថា ជាក់ស្តែងចាប់ពីថ្ងៃទី០១ខែកញ្ញាឆ្នាំ២០១៦ ប្រជាពលរដ្ឋទូទាំងប្រទេស បានទៅចុះឈ្មោះបោះឆ្នោត ដោយឡែកក្នុងខេត្តក្រចេះ ក៏មានប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ សម្រុកនាំគ្នាទៅចុះឈ្មោះបោះឆ្នោត តាមបណ្តាសាលាឃុំ សង្កាត់ យ៉ាងច្រើនកុះករ រហូតដល់មន្ត្រីដែលបំរើការងារធ្វើមិនទាន់ និងមន្ត្រីខ្លះខ្យល់គរ ហើយបញ្ហាសុខភាពចំនួន២នាក់បន្ថែមទៀត។
ពាក់ព័ន្ធនឹងការងារចុះឈ្មោះបោះឆ្នោតរបស់ប្រជាពលរដ្ឋកម្ពុជានេះទៀតសោត លោក អ៊ុង ស៊ីយឿង មានលើកឡើងបន្ថែមថា តាមគោលការណ៍ច្បាប់ណែនាំពីថ្នាក់លើតម្រូវឲ្យសាលាឃុំ សង្កាត់ និងមន្ត្រីបំរើការងារការចុះឈ្មោះបោះឆ្នោតប្រចាំការ និងបោះស្នាក់ការអចិន្ត្រៃយ៍២៥ថ្ងៃតាមទីតាំងមូលដ្ឋានសាលា ឃុំ សង្កាត់នីមួយៗគ្រប់ទាំងអស់ ប៉ុន្តែតាមស្ថានភាពភូមិសាស្ត្រនៅតាមបណ្តាឃុំ ស្រុក មួយចំនួន មានភាពស្មុគ្រស្មាញ ចាំបាច់ត្រូវឲ្យមានការចល័តស្នាក់ការចុះឈ្មោះបោះឆ្នោត ទៅតាមភូមិ ដើម្បីសម្រួលឲ្យបងប្អូនប្រជាពលរដ្ឋទៅចុះឈ្មោះបោះឆ្នោតបានគ្រប់ៗគ្នាៗ
ពលរដ្ឋនៅខេត្តក្រចេះ ដែលបានទៅចុះឈ្មោះបោះឆ្នោតនៅតាមសាលាឃុំ សង្កាត់ បានសម្តែងការពេញចិត្តពេលដែលបានបំពេញកាតព្វកិច្ចទៅចុះឈ្មោះបោះឆ្នោត ដោយនិយាយថា ការទៅចុះឈ្មោះបោះឆ្នោតវាជាតួនាទី និងកាតព្វកិច្ចរបស់ពលរដ្ឋ ដែលជាម្ចាស់សន្លឹកឆ្នោត ហេតុនេះពលរដ្ឋចាំបាច់ត្រូវទៅចុះឈ្មោះបោះឆ្នោតកុំបីខាន់។
ម្យ៉ាងវិញទៀតរយ:ពេលនៃការចុះឈ្មោះបោះឆ្នោតចាប់ផ្តើមពីថ្ងៃទី០១ខែកញ្ញាឆ្នាំ២០១៦ រហូតដល់ថ្ងៃទី២៩ខែវិច្ឆិកាឆ្នាំ២០១៦ អីចឹងយើងជាប្រជាពលរដ្ឋត្រូវប្រញ៉ាប់ប្រញ៉ាលទៅចូលរួមចុះឈ្មោះបោះឆ្នោតទាំងអស់គ្នា ដើម្បីមានឈ្មោះបោះឆ្នោតសកលឆ្នាំ២០១៨នាពេលខាងមុខ ក្នុងការជ្រើសរើសរាជរដ្ឋាភិបាលអាណត្តិថ្មីទៀត។
គួរបញ្ជាក់បន្ថែមផងដែរថា រហូតមកទល់ថ្ងៃទី០២ ខែ កញ្ញា ឆ្នាំ២០១៦ ស្ថិតិនៃការចូលរួមចុះឈ្មោះបោះឆ្នោតរបស់ប្រជាពលរដ្ឋនៅខេត្តក្រចេះ មិនទាន់មានចំនួនពិតប្រាកដប៉ុន្មាននាក់នៅឡើយ ប៉ុន្តែអត្រានៃអ្នកទៅចូលរួមចុះឈ្មោះបោះឆ្នោតមានច្រើនកុះករតាមបណ្តាភូមិ ឃុំ សង្កាត់ ទូទាំងខេត្តក្រចេះ៕