ខេត្តពោធិ៍សាត់៖មនុស្សយ៉ាងហោចណាស់ចំនួន៧នាក់បានរងរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដែលបង្កដោយរថយន្តតួរីសទេសចរណ៍ បុកជាមួយរថយន្តដឹកទំនិញពេញទំហឹង ក្រឡាប់ធ្លាក់ប្រឡាយ។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៦នេះ នៅលើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិអូរស្តៅ សង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
អធិការនគរបាលក្រុងពោធិ៍សាត់ លោក ឈន រិទ្ធ បានឲ្យដឹងថា រថយន្តតួរីសទេសចរណ៍ ពាក់ស្លាកលេខ ភ្នំពេញ 2A-6204 បើកពីកើតទៅលិចដោយសារអ្នកបើកបរងងុយដេកបានជ្រុលទៅបុករថយន្តដឹកទំនិញមួយគ្រឿង ក្នុងទិសដៅបញ្ច្រាស់ទិសគ្នា បណ្តាលឲ្យមានមនុស្សរបួសធ្ងន់ស្រាល៧នាក់ ក្នុងនោះមានប្រុស៣នាក់ ស្រី៣នាក់ និងក្មេងតូចម្នាក់ ដែលជិះនៅក្នុងរថយន្តតួរីសទេសចរណ៍នោះ។លោកអធិការបានបន្តថា មកដល់ពេលនេះ យើងមិនទាន់ដឹងពី អត្តសញ្ញាណជនរងគ្រោះនៅឡើយទេ។
បច្ចុប្បន្នជងរងគ្រោះទាំង៧នាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ដោយឡែកវត្ថុតាងយកមករក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្ត រងចាំដោះស្រាយគ្នានាពេលក្រោយ៕