រថយន្ត​ដឹក​ដី​បុក​អ្នកជិះ​ម៉ូតូ​ស្លាប់​ម្នាក់ របួសធ្ងន់​ម្នា​ក់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 5 September, 2016 ក+ ក-

ខេត្តកណ្តាល​៖​បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង និង​ម្នាក់​រងរបួស​ធ្ងន់ ដោយសារ​រថយន្ត​បែន​ដឹក​ដី​មួយគ្រឿង បើក​ក្នុង​ល្បឿន​យ៉ាង​លឿន​ជ្រុល​ទៅបុក ខណៈ​កំពុង​ជិះ​ម៉ូតូ ដែល​ហេតុការណ៍​នេះ​កើតឡើង​នៅ​ម៉ោង​៥​ព្រឹក ថ្ងៃទី​០៥ ខែកញ្ញា ឆ្នាំ​២០១៦ នៅ​ចំណុច​លើផ្លូវ​ជាតិ​លេខ​១​ចន្លោះ គីឡូម៉ែត្រ​លេខ​៥៦-៥៧ ស្ថិតក្នុង​ភូមិ​កំពង់​ពោធិ៍ ឃុំ​កុំ​ពង់​ភ្នំ ស្រុក​លើកដែក ខេត្តកណ្តាល​។​
​មន្ដ្រីនគរបាល​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​បង្ក បើកបរ​ក្នុង​ក្នុង​ល្បឿន​លឿន ក្នុងទិសដៅ​ពី​លិចទៅ​កើត លុះដល់ ចំណុចកើតហេតុ បាន​វ៉ា​ក​ជាមួយ​ម៉ូតូ​មួយគ្រឿង ហើយ​ព្យាយាម​បួង​ចង្កូត​គេច ជ្រុល​ទៅបុក​ម៉ូតូ​ជនរងគ្រោះ​យ៉ាង​ពេញទំហឹង​បណ្តាល​ឲ្យ ដួល​ម៉ូតូ​ខ្ទាត​អ្នកជិះ​ម៉ូតូ​ខាងក្រោយ ចូល​កង់​រថយន្ត​កិន​ស្លាប់​ភ្លាម និង​ម្នាក់ទៀត​សំណាងល្អ​ខ្ទាត​ចេញ​ផុតពី​កង់​រថយន្ត រងរបួស​ធ្ងន់​។​
​មន្ដ្រី​ដដែល​បញ្ជាក់ថា ជនរងគ្រោះ​ឈ្មោះ មាន ជា អាយុ​២៨​ឆ្នាំ មុខរបរ​កម្មករ រស់នៅ​ភូមិ​ជាងដែក ឃុំ​ជាងដែក ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង ជា​អ្នកបើកបរ​ម៉ូតូ​រងរបួស​ធ្ងន់ ចំណែក​ម្នាក់ទៀត​រួម​ដំណើរ​ពីក្រោយ មិនត្រូវ​បាន​គេ​ស្គាល់ឈ្មោះ នោះទេ​ហើយ​បាន​ស្លាប់ ភ្លាមៗ នៅនឹងកន្លែង​កើតហេតុ ជនរងគ្រោះ​ទាំងពីរ​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​Honda C125 ពណ៌​ទឹកប៊ិច​ចាស់ ពាក់​ស្លាក​លេខ​ព្រៃវែង​1D-5321 ចំណែក​រថយន្ត​បង្ក​ម៉ាក​Hino បែន​ដឹក​ដី ពណ៌​ស ពាក់​ស្លាក​លេខ​ក្រុងព្រះសីហនុ 3A-1546 អ្នកបើកបរ​រថយន្ត​មិន​ស្គាល់​អត្តសញ្ញាណ ក្រោយពេល​កើតហេតុ​រត់គេចខ្លួន​បាត់​។​
​ក្រោយពេល​កើតហេតុ ជនរងគ្រោះ​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ រីឯ​សព​សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវរ​ក​ក្រុមគ្រួសារ ចំណែក​រថយន្ដ​បង្ក និង​ម៉ូតូ​សមត្ថកិច្ច​ជំនាញ​យកទៅ​រក្សាទុក ដើម្បី​ដោះស្រាយ​តាមច្បាប់​៕

fn-2016-09-05-10-04-00-0fn-2016-09-05-10-04-00-1fn-2016-09-05-10-04-01-3