ភ្នំពេញ៖នៅព្រឹកថ្ងៃទី៤ខែធ្នូនេះ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានបញ្ជាក់ថា កម្ពុជាមិន មាននាយករដ្ឋមន្ត្រីពីរនោះទេ។ ឋានៈស្មើនាយក រដ្ឋមន្ត្រីនេះ គឺគ្រាន់តែអសនៈក្រមសម្រាប់ការរៀបចំផ្នែកពិធីការប៉ុណ្ណោះ។ការថ្លែងបញ្ជាក់របស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដូចនេះធ្វើឡើងនៅក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតវិទ្យាស្ថានខ្មែរជំនាន់ថ្មីនៅ វិទ្យាស្ថានជាតិអប់រំ។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានប្រកាសបែបនេះថា នៅកម្ពុជាមិនមាននាយករដ្ឋមន្ត្រីដល់ទៅពីររូបនោះទេ ហើយប្រធានក្រុមភាគតិចនៅក្នុងរដ្ឋសភាដែលគ្រោងនឹងបង្កើតឡើងនោះគ្មានសិទ្ធិអំណាចដូចនាយករដ្ឋមន្ត្រីនោះឡើយ។ លោកលើកឡើងថា ការបង្កើតឲ្យមានប្រធានក្រុមតំណាងរាស្ត្រ និងប្រធានក្រុមភាគតិចនៅក្នុងរដ្ឋសភានេះ មិនមែនសម្រាប់តែគណបក្សជាប់ឆ្នោតទាំងពីរនៅក្នុងរដ្ឋសភានៅពេលនេះនោះទេ «ពីមុនយើងមានក្រុមតំណាងរាស្ត្រ ក្នុងមួយក្រុមមាន១០នាក់…ទៅលើបញ្ហាប្រទេសជាតិ ហើយដែលមានឋានៈស្មើនាយករដ្ឋមន្ត្រី»។
លោកហ៊ុន សែន បានបញ្ជាក់ថា ឋានៈស្មើនាយករដ្ឋមន្ត្រីនេះ គឺគ្រាន់តែអសនៈក្រមសម្រាប់ការរៀបចំផ្នែកពិធីការប៉ុណ្ណោះ ប៉ុន្តែមិនអាចមកបញ្ជាទ័ព បញ្ជារដ្ឋបាល ឫមិនអាចមកចាត់ចែងការងារជំនួសនាយករដ្ឋមន្ត្រីបាននោះទេ។
គួររំលឹកថា កាលពីថ្ងៃទី២៨ វិច្ឆិកា កន្លងទៅ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន និង លោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានឯកភាពគ្នាក្នុងការកែសម្រួលបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភាដោយធ្វើ វិសោធនកម្មប្រការ៤៨ថ្មី(ពីរ) ដើម្បីរៀបចំឲ្យមានថ្នាក់ដឹកនាំតំណាងរាស្ត្រនៃគណបក្សនយោបាយដែលមានអាសនៈនៅក្នុងរដ្ឋសភា និង ប្រធានក្រុមភាគតិចនៅរដ្ឋសភា។ ប្រធានក្រុមភាគតិចនៅក្នុងរដ្ឋសភានេះ នឹងមានឋានៈស្មើនាយករដ្ឋមន្ត្រី ដើម្បីជាដៃគូសន្ទនាជាមួយនឹងប្រមុខរដ្ឋាភិបាលពាក់ព័ន្ធនឹងបញ្ហាផ្សេងៗរបស់ប្រទេសជាតិ៕ រដ្ឋា