​ករណី​បំផ្ទុះ​គ្រាប់បែក សមត្ថកិច្ច​មិនទាន់​កំណត់​មុខសញ្ញា​បាន
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 7 September, 2016 ក+ ក-

រាជធានី​ភ្នំពេញ​៖​ករណី​បំផ្ទុះ​គ្រាប់បែក​មួយ​គ្រាប់​កណ្តាល រាជធានី​ភ្នំពេញ កាលពី​វេលា​ម៉ោង​ប្រមាណ​៧៖៤០​នាទី យប់​ថ្ងៃទី​៦ ខែកញ្ញា ឆ្នាំ​២០១៦ ស្ថិតនៅតាម បណ្តោយ​ផ្លូវ​លេខ​១៦៣ សង្កាត់​បឹង​កេងកង​ទី​៣ ខណ្ឌចំការមន ដែល​ធ្វើ​ឲ្យ​មនុស្ស​៤​នាក់ រួមទាំង​ជនបរទេស​ផង​រងរបួស​ធ្ងន់​ស្រាល និង​បណ្តាល​ឲ្យ​រថយន្ត​សេរី​ទំនើប​២​គ្រឿង ខូចខាត​ផ្នែក​កញ្ចក់ និង​កង់​នោះ មកដល់ពេលនេះ សមត្ថកិច្ច​មិនទាន់​កំណត់​បាន​មុខសញ្ញា​នៅឡើយ​ទេ ខណដែល​ជនដៃដល់​ក៏​មិនទាន់​ចាប់ខ្លួនបាន ។​
​យ៉ាងណាក៏ដោយ ក្រោយ​មាន​ហេតុការណ៍​នេះ​កើតឡើង​ភ្លាម កម្លាំង​សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់ រួមមាន​កម្លាំង​នគរបាល​រាជធានី​ភ្នំពេញ ដឹកនាំ​បញ្ជា​ផ្ទាល់​ដោយ​នាយ​ឧ​ត្ត​ម​សេនីយ៍ ជួន សុវណ្ណ កម្លាំង​អាវុធហត្ថ កម្លាំង​នគរបាល​ជំនាញ​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ ព្រមទាំង​មាន​វត្តមាន ព្រះរាជអាជ្ញារង អម​សាលាដំបូង​រាជធានី​ភ្នំពេញ និង​អ្នកកាសែត​ជាច្រើន​នាក់ បាន​សម្រុក​ទៅយក​ព័ត៌មាន​ផ្ទា​ល់ពី​ករណីនេះ​ផងដែរ​។​
​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ជួន សុវណ្ណ អគ្គស្នងការ​រង​និង​ជា​ស្នងការ​រាជធានី​ភ្នំពេញ នៅតែ​មិនទាន់​បង្ហាញ​ពី​ដំណើររឿង​លម្អិត​បាន​នៅឡើយ​ទេ ដោយ​លោក​បញ្ជាក់ថា ដោយសារតែ​កម្លាំង​ជំនាញ​របស់លោក បាននិងកំពុង​ធ្វើការ​ស្រាវជ្រាវ យ៉ាង​យកចិត្តទុកដាក់​ខ្ពស់បំផុត ដើម្បី​តាម​ចាប់​ជនបង្ក ហើយ​សម្រាប់​សាក្សី​ដែល​ឃើញ​ហេតុការណ៍​នេះ​ក៏​មិនមាន​ផងដែរ​។​
​យោងតាម​របាយការណ៍​របស់​សមត្ថកិច្ច​បាន​បញ្ជាក់ថា ជនរងគ្រោះ​ទាំង​៣​នាក់​រួមមាន​៖​ទី​១​ឈ្មោះ ចាន់ វ​ន្នី ភេទ​ស្រី ជនជាតិខ្មែរ អាយុ​៣៧​ឆ្នាំ មុខរបរ គ្រូបង្រៀន ស្នាក់នៅ ម្តុំ​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។​
​ទី​២​ឈ្មោះ ម៉ឹង ហូ​វ ភេទ​ប្រុស ជនជាតិ​វៀតណាម អាយុ​៣៨​ឆ្នាំ មុខរបរ​លក់​ខោអាវ​បោះ​ដុំ ក្នុង​ហាង ផ្សារ​អូ​ឬ​ស្សី ស្នាក់នៅ ម្តុំ​ទួល​ទំពូង ខណ្ឌចំការមន ដែល​ពួកគេ​ទាំង​២​នាក់ កំពុង​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ​កាល់ម៉ែត ។ ទី​៣​ឈ្មោះ DHARMENDRA SINGH KSHETRIMAYUM ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ​មុខរបរ គ្រូបង្រៀន ជនជាតិ​ឥណ្ឌា ស្នាក់​នៅផ្ទះ​លេខ​៤៥​បេ ផ្លូវ​៣៥០ សង្កាត់​បឹង​កេងកង​៣ ខណ្ឌចំការមន ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរ​រុស្ស៊ី​។​
​ដោយឡែក​រថយន្ត​ទាំង​២​គ្រឿង​រួមមាន​ទី​១ ម៉ាក Lexus RX400h ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2U-7352 ដែល​រថយន្ត​នេះ ហើយ​ត្រូវ​ជនដៃដល់​បោក​គ្រាប់​សំដៅ​នោះ និង​ទី​២​ម៉ាក Vigo ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AI-6775 ដែល​រថយន្ត​ទាំង​២​គ្រឿង​នេះ រង​ការខូចខាត​បែក​កញ្ចក់ និង​ខូច​កង់ ៕

7