អង្គភាព​ប្រឆាំង​អំពើពុករលួយ​ទាមទារ​ឲ្យ​តំណាងរាស្ត្រ​បក្សប្រឆាំង​ប្រកាស​ទ្រព្យសម្បត្តិ​និង​បំណុល
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 3 September, 2014 ក+ ក-

ភ្នំពេញ​៖​តំណាងរាស្ត្រ​៣៣​រូប ក្នុងចំណោម​តំណាងរាស្ត្រ​ទាំង​៥៥​រូប​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ​ត្រូវបាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ (​អ​.​ប​.​ព​)​ទាមទារ​ឲ្យ​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​មិន​ឲ្យ​លើសពី​ជាង​៣០​ថ្ងៃ បន្ទាប់ពី​តំណាងរាស្ត្រ​ទាំងនេះ​បាន​ចូលកាន់​អាសនៈ​នៅ​រដ្ឋសភា​។​
​គេហទំព័រ​របស់​អង្គភាព​អ​.​ប​.​ព ដែល​ផ្សាយ​កាលពី​ថ្ងៃទី​០២​កញ្ញា បាន​បង្ហាញថា តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​៥៥​នាក់ មកពី​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​ស្បថ​ចូលកាន់​តំណែង​ក្នុងនោះ​២២​នាក់ នឹង​បន្ត​កាតព្វកិច្ច​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​រយៈពេល​២​ឆ្នាំ លើក​ទី​២ (​នៅ​ខែមករា ឆ្នាំ​២០១៥) ហើយ​៣៣​នាក់​ទៀត នឹងត្រូវ​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​មិន​ឲ្យ លើសពី រយៈពេល​៣០​ថ្ងៃ បន្ទាប់ពី​ពួកគេ​ចូលកាន់​តំណែង​។​
​គួរ​បញ្ជាក់ថា បើតាម​បញ្ជី​ដែល​ទាមទារ​ដោយ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​គឺ​តំណាងរាស្ត្រ​ចំនួន​១១​នាក់​ក្នុងនោះ​មាន លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ រួម​នឹង​លោក ហូរ វ៉ាន់ បានប្រកាស​រួចហើយ ដោយ​នៅសល់​២២​នាក់​ទៀត​។
​យោងតាម​ព័ត៌មាន​ពី​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ឲ្យ​ដឹងថា តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជាប់​កាតព្វកិច្ច​កំពុង​រៀបចំ​ទម្រង់​ពាក្យ​ប្រកាស​ទ្រព្យសម្បត្តិ​នេះ​ទៅតាម​ការទាមទារ​រប​ស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ជា​បន្តបន្ទាប់​៕

----

                                             តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ