តុលាការ​សម្រេច​ចោទប្រកាន់​អង្គរក្ស ​(​ឧកញ៉ា​)​ ថោង សារ៉ាត់ ៤​នាក់ ពីបទ​មនុស្សឃាត​គិតទុកជាមុន ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 December, 2014 ក+ ក-

ភ្នំពេញ​: សមត្ថកិច្ច​បានបញ្ជាក់​ថា នៅ​ព្រលប់​ថ្ងៃទី​៤​នេះ ​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន សម្រេចចោទ ប្រកាន់​លើ​មនុស្ស​៤​នាក់ ជា​អង្គ រក្ស​របស់​(​​ឧកញ៉ា​) ថោង សារ៉ាត់ ពីបទ​មនុស្សឃាត​គិតទុក​ជាមុន និង​បទ​សមគំនិត​ក្នុងករណី​ឃាតកម្ម​លើ​រូបលោក​ឧកញ៉ា អ៊ឹង ម៉េង​ជឺ ថៅកែ​ត្បូង​ពេជ្រ​។​

​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា កាលពី​រសៀល​ម៉ោង​៣ ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ​២០១៤ សមត្ថកិច្ច​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​បញ្ជូន​ខ្លួន​អង្គរក្ស ៤​នាក់ របស់​(​ឧកញ៉ា )​ថោង សារ៉ាត់ មកកាន់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដោយ​ភ្ជាប់​សេចក្តីសន្និដ្ឋាន ពីបទ​ឃាតកម្ម​គិតទុក​ជាមុន ពាក់​ព័​ន្ឋ​ការបាញ់សម្លាប់​លោក​ឧក​ញ៉ា អ៊ឹង ម៉េង​ជឺ ។​
​ប្រភព​បន្តថា នីតិវិធី​បាន​បន្ត​រហូតមកទល់​ព្រលប់​ថ្ងៃ​ដដែល​ទើប​បញ្ចប់​ការ​ស៊ើបសួរ ហើយ​លោក​ព្រះ រាជអាជ្ញា​រង កែវ សុជាតិ បានសម្រេច​ចោទប្រកាន់​ក្រុម​ជនសង្ស័យ​ទាំង​៤​នាក់​នេះ ពីបទ​ឃាតកម្ម​គិត ទុកជាមុន និង​សមគំនិត​រួច​បញ្ជូន​សំណុំរឿង​ទៅ​ចៅក្រម​ស៊ើបសួរ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​។ ដោយឡែក​( ឧកញ៉ា​) ថោង សារ៉ាត់ ដែល​គេ​ចោទថា​ជា​មេខ្លោង​នោះ មិនទាន់ ចាប់ខ្លួនបាន​នៅឡើយ​ទេ ។​

​ប្រភព​បន្តទៀតថា សមត្ថកិច្ច​នឹង​បញ្ជូន​អង្គរក្ស​៤​នាក់​របស់​(​ឧកញ៉ា​) ថោង សារ៉ាត់ មក​តុលាការ​ម្តងទៀត​នៅ​ព្រឹក​ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​២០១៤ នេះ ដើម្បីឱ្យ​ចៅក្រម​ស៊ើបសួរ​ស​ម្រ​ច​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ព​ន្ឋ​នាគារ​ព្រៃ ស ។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា អង្គរក្ស​ទាំង​៤​នាក់​នេះ​មាន ឈ្មោះ សៀង វាសនា អាយុ​៤៤​ឆ្នាំ ជា​ជន​ដល់​ដល់ ត្រូវបាន​តុលាការ​ចោទប្រកាន់​ពីបទ “ ឃាតកម្ម​គិតទុក​ជាមុន ” ឈ្មោះ មាស សម្បត្តិ អាយុ​២៧​ឆ្នាំ ( អ្នកបើក​ម៉ូតូ​ការពារ ) ឈ្មោះ កូយ ចាន់ថុល អាយុ​២៩​ឆ្នាំ ( អ្នកមើល​ផ្លូវ ) ឈ្មោះ លី សៅ អាយុ​២៨​ឆ្នាំ (​អ្នក​ឌុប​ជនដៃដល់​) ត្រូវបាន​តុលាការ ចោទប្រកាន់​ពីបទ​សមគំនិត​ក្នុង​អំពើ​ឃាតកម្ម​គិតទុក​ជាមុន ។​

​ឈ្មោះ សៀង វាសនា ឈ្មោះ មាស សម្បត្តិ និង ឈ្មោះ កូយ ចាន់ថុល ត្រូវបាន សមត្ថកិច្ច​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​០១ ខែធ្នូ ឆ្នាំ​២០១៤ នៅ​ចំណុច​ក្បែរ​ស្ពាន​ទី​២ ភូមិ​ចំរើន​ផល សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ ខណៈ​ធ្វើ ដំណើរ​តាម​រថយន្ត​ទំនើប​មួយគ្រឿង​រួមមាន​(​ឧកញ៉ា​) ថោង សារ៉ាត់ ។ ដោយឡែក ឈ្មោះ លី សៅ អាយុ​២៨​ឆ្នាំ (​អ្នក​ឌុប​ជនដៃដល់​) ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន កាលពី​វេលា​ថ្ងៃត្រង់​ថ្ងៃទី​០៣​ខែធ្នូ​ឆ្នាំ​២០១៤​។​
​ជនសង្ស័យ ទាំង​៤​នាក់​នេះ ត្រូវបាន​ចោទប្រកាន់​ក្នុង​សំណុំរឿង​បាញ់សម្លាប់​លោក​ឧកញ៉ា អ៊ឹង ម៉េង​ជឺ ប្រព្រឹត្ត​កាល​វេលា​ម៉ោង ៧ និង ១៨​នាទី យប់​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៤ ខណៈពេល​លោក​ឧកញ៉ា អ៉ឹ​ង ម៉េង​ជឺ ចុះ​ពី​រថយន្ត​ឡិច​ស៊ី​ស ៥៧០ ដើម្បី​ទៅ​ទិញ​ផ្លែឈើ នៅមុខ​ហាង​លក់​ផ្លែឈើ​យីហោ ឡោ តិច​សេង ស្ថិតនៅ​ផ្លូវ​លេខ ២៧៤ សង្កាត់​ទួល​ស្វាយព្រៃ​ទី​២ ខណ្ឌចំការមន ជិត​ស្តា​ត​អូឡាំពិក​។​

​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ លោកនាយ​ឧ​ត្ត​ម​សេនីយ៍​ឯក គៀត ច័ន្ទ​ថា​រិ​ទ្ធ បានបញ្ជាក់​ប្រាប់​អ្នកកាសែត​ថា (​លោក​ឧកញ៉ា )​ថោង សារ៉ាត់ គឺជា​មេខ្លោង​ជួល​ឃាតករ​ក្នុងការ​បាញ់សម្លាប់ លោក​ឧកញ៉ា អ៊ឹង ម៉េង​ជឺ ។ ខណៈ​នេះ​សមត្ថកិច្ច​កំពុងតែ​តាម​ស្វែងរក​ចាប់ខ្លួន​(​លោក​ឧកញ៉ា​) ថោង សារ៉ាត់ ដែល​បាន​រត់គេចខ្លួន​បន្ទាប់​ពី​បានដឹងថា អង្គរក្ស​របស់ខ្លួន​បាន​សារភាព​ទាក់ទង​ករណី​បាញ់សម្លាប់​លោក​ឧកញ៉ា អ៊ឹង ម៉េង​ជឺ រួចមក​។​

​កាលពី​យប់​ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០១៤ កម្លាំង​សមត្ថកិច្ច បាន​ដឹកនាំ​ដោយ លោកនាយ​ឧ​ត្ត​ម​សេនីយ៍​ឯក ជួន សុវណ្ណ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ដោយមាន​ការចូលរួម​ពី​សំណាក់​លោក ព្រះរាជអាជ្ញារង មាស ច័ន្ទ​ពិសិដ្ឋ បាន​ចុះ​ប្រតិបត្តិ​ឆែកឆេរ​បុរី ៩៩៩ នៅជាប់​វត្ត​ចាក់អង្រែ​ក្រោម និង​នៅ​បុរី​ញូវយ៉ក ៩៩៩ នៅ​សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ ដោយបាន​ឃាត់ខ្លួន​ឪពុក ម្តាយ ប្រពន្ធ និង​ប្អូនប្រុស រួមទាំង​អង្គរក្ស សរុប​ទាំងអស់​១៤​នាក់ នាំយកទៅ​សាកសួរ នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ និង​ដកហូត​វត្ថុតាង​មួយចំនួន​។​

​អ្នកនាំពាក្យ អគ្គស្នងការ​នគរបាល​ជាតិ បាន​មានប្រសាសន៍ថា កិច្ចប្រតិបត្តិការ ក្នុងការ​វែកមុខ​ឃាតករ បាញ់សម្លាប់​លោក​ឧកញ៉ា អ៊ឹង ម៉េង​ជឺ គឺ​ទទួលបាន​លទ្ធផល​ហើយ ហើយក៏​បានធ្វើ​ការឃាត់​ខ្លួន ជន​ពាក់ព័ន្ធ និង​វត្ថុតាង​ផ្សេងៗ មួយចំនួនទៀត ផងដែរ​។ លទ្ធផល​ក្នុង​កិច្ចប្រតិបត្តិការ ជាបឋម គឺ​កម្លាំង​នគរបាល បាន​ចាប់ខ្លួន​ជនសង្ស័យ ដែលជា​ឃាតករ​មួយរូប និង​បក្ខពួក​មួយចំនួនទៀត​។​

​លោក​បាន​បន្តថា នៅពេលនេះ នគរបាល​បាន​ចាប់ខ្លួន​ឃាតករ​ម្នាក់ និង​បក្ខពួក ៣ នាក់​ទៀត ដែលជា​អ្នកបើក ម៉ូតូឌុប​ឃាតករ និង​ជនសង្ស័យ ពីរ​នាក់​ទៀត ដែលជា​អ្នកជិះ​ម៉ូតូ ការពារ​ពីក្រោយ ខណៈ​មេខ្លោង​ឃាតករ គឺ​លោក​ឧកញ៉ា ថោង សារ៉ាត់ កំពុង​រត់​គេ​ខ្លួន​។​

​លោក​បាន បញ្ជាក់ថា ក្នុង​កិច្ចប្រតិបត្តិការ​នេះ សមត្ថកិច្ច ក៏បាន​ចាប់ខ្លួន​ឪពុកម្ដាយ លោក​ឧកញ៉ា ថោង សារ៉ាត់ ដែលជា​អ្នកសមគំនិត ក្នុងការ​លាក់ខ្លួន​ឃាតករ និង​បក្ខពួក ដោយ​នគរបាល ក៏បាន​ដកហូត​អាវុធ ចំនួន​៦​ដើម និង​ភស្តុតាង​នានា មួយចំនួនទៀត​ផងដែ​រ​។​

​មន្ដ្រីនគរបាល​ព្រហ្មទណ្ឌ​រាជធានី​ភ្នំពេញ​មួយរូប​បាន​ថ្លែងថា ឪពុក​(​ឧកញ៉ា​)​ថោង សារ៉ាត់ ឈ្មោះ តាំង សុខ ហៅ ថោង ចំរើន និង​ម្តាយ​ឈ្មោះ កែវ សារី មន្ដ្រី​យោធា​ពាក់​ស័ក្ដិ​៤​កន្លះ នៅ​ក្រសួងការពារជាតិ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​កាលពី​យប់​ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០១៤ ។​

​តាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​២០១៤ សមត្ថកិច្ច​នឹង​បញ្ជូន​ម្តាយ​ឪពុក របស់​ឧកញ៉ា ថោង សារ៉ាត់ មកកាន់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដោយ​ភ្ជាប់​សេចក្តីសន្និដ្ឋាន​ចោទប្រកាន់​ពីបទ​រារាំង​សមត្ថកិច្ច និង​បទ​រក្សាទុក​អាវុធ​ខុសច្បាប់ ។ ការចោទប្រកាន់​នេះ បន្ទាប់ពី អ្នក​ទាំងពីរ​ចេញមុខ​មក​ធ្វើ​សន្និសីទកាសែត ដោយ​ទុក​ឱកាស​ឱ្យ​កូនប្រុស​របស់ខ្លួន​(​ឧកញ៉ា​) ថោង សារ៉ាត់ រត់គេចខ្លួន ដូច្នេះ​វា​ជាការ​រំខាន និង​រារាំង​ពី​ដំណើរការ​ប្រតិ​ប​ត្ដិ​ការ​របស់​សមត្ថកិច្ច និង​ក្នុង​ប្រតិបត្តិការ​ឆែរ​ឆេរ សមត្ថកិច្ច​បាន​រកឃើញ​អាវុធ​៦​ដើម​ក្នុង​ភូមិគ្រឹះ​អ្នក​ទាំងពីរ​ទៀតផង ។​

​គួរ​ជម្រាប​ថា ផ្អែក​តាម​មាត្រា​២០០ និង ២៩ នៃ​ក្រមព្រហ្មទណ្ឌ ឃើញថា​ក្រុម​ជន​ត្រូវ​ចោទ​ខាងលើនេះ អាច​ប្រឈមមុខ​នឹង​ការផ្តន្ទាទោស​ជាប់​ព​ន្ឋ​នាគារ​អស់​មួយជីវិត​ប្រសិនបើ​តុលាការ​រកឃើញថា​មាន​ពិ​រុ​ទ្ឋ​ភាព​ដូច​ការចោទប្រកាន់​នោះ​មែន ៕ ស្មីត

Untitled-1អតីតអង្គរក្ស(ឧកញ៉ា)ថោង សារ៉ាត់ ពេលនាំមក      សាកសួរនៅសាលាដំបូងរាជធានីភ្នំពេញថ្ងៃទី៤ធ្នូ

Untitled-3Untitled-1