ដោយ៖ប៉ែន សុផល
បាត់ដំបង៖ប្រធានក្រុមបង្ការបង្ក្រាប លោក ឈឿង គឹមសុង បានអោយដឹងថា បន្ទាប់ពីទទួលពាក្យបណ្តឹងពីជនរងគ្រោះកម្លាំងរបស់លោកបានចុះស្រាវជ្រាវកំណត់មុខសញ្ញាអស់រយៈពេលជិត១៥ថ្ងៃរហូតដល់ម៉ោង៤.៣០នាទីល្ងាចថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៦ទើបឈានដល់ការឃាត់ខ្លួនបានជនសង្ស័យបានចំនួន២នាក់ពាក់ពន្ធ័ករណីឆក់កាបូបជាច្រើនលើកលើទីតាំងផ្សេងៗគ្នាក្នុងខេត្តបាត់ដំបង។
ចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ពួកខ្លួនកន្លងមកបានធ្វើសកម្មភាពឆក់កាបូបចំនួន៦លើករួចមកហើយក្នុងខេត្តបាត់ដំបង នៅចំណុចផ្សារឯកភ្នំ ទីប្រជុំជនភូមិព្រែកនរិន្ទ ស្រុកឯកភ្នំចំនួន២លើក មុខវត្តសំពៅក្បែរផ្លូវរថភ្លើង ក្រុងបាត់ដំបង ឆក់នៅចំនុចទីប្រជុំជនភូមិនិងសង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង និង១កន្លែងទៀតនៅចំណុចជិតសាលាបារាំង ក្នុងភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង ឆក់លើជនបរទេសដែលកំពុងជិះ។
ជនសង្ស័យឈ្មោះ ស៊ីម សុភី ហៅប៉ាវ ភេទប្រុស អាយុ២១ឆ្នាំ និងឈ្មោះ សីុម សុភា ភេទប្រុស អាយុ២២ឆ្នាំ ទាំងពីរនាក់រស់នៅភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងនិងខេត្តបាត់ដំបង។
ជនសង្ស័យបច្ចុប្បន្ននេះសមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការអនុវត្តន៍តាមនីតិវិធី៕