ភ្នំពេញ៖នៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៤ នេះ នគរបាលបានពន្យារពេលក្នុងការនាំខ្លួនឪពុកម្តាយរបស់ ថោង សារ៉ាត់ ដែលតាមគម្រោងគឺត្រូវបញ្ជូនមកតុលាការនៅរសៀលនេះ។ការអាក់ខានដោយសារ សមត្ថកិច្ចបានរកឃើញត្រាមួយធុងដែលត្រូវពិនិត្យឲ្យដឹងថាតើត្រានេះជាត្រាសម្រាប់ក្លែងឯកសារសាធារណៈ ឬដូចម្តេច ?
ប្រភពព័ត៌មានបានឲ្យដឹងថា ឪពុកម្តាយ ថោង សារ៉ាត់ ទំនងជាត្រូវបញ្ជូនមកសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី ៦ ខែធ្នូ ប្រសិនបើការពិនិត្យត្រាបានទទួលលទ្ឋផលភ្លាមៗ។
សមត្ថកិច្ចបានលើកឡើងថា លោក ថោង ចំរើន និងអ្នកស្រី កែវ សារី ហៅចែហាយ ដែលត្រូវជាឪពុកម្ដាយ ថោង សារ៉ាត់ កាលពីរសៀល ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៤ ពិតជាមានចេតនាទុច្ចរិត ខណៈរៀបចំធ្វើសន្និសីទសារព័ត៌មាន ក្នុងគោលបំណងរារាំងដល់ការស៊ើបអង្កេត និងប្រតិបត្ដិការរបស់សមត្ថកិច្ច ដោយទុកឱកាសឱ្យកូនប្រុសរត់គេចខ្លួន ព្រមទាំងបរិហារកេរ្ដិ៍ផ្សព្វផ្សាយព័ត៌មានមិនពិតប៉ះពាល់ដល់សមត្ថកិច្ចដែលកំពុងធ្វើកិច្ចការនេះទៀតផង៕