រាជធានីភ្នំពេញ៖ប្រធានអង្គការ «យុវជន និងកិច្ចការសង្គម» កញ្ញា ធី សុវណ្ណថា បានព្រមានថា នាងនឹងដឹកនាំប្រជាពលរដ្ឋ ធ្វើមហាបាតុកម្មប្រឆាំងមហាបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ ប្រសិនបើបាតុកម្មរបស់បក្សប្រឆាំងកើតឡើងប្រាកដមែន។ ទន្ទឹមនោះកញ្ញា ធី សុវណ្ណថា បានហៅគម្រោងធ្វើមហាបាតុកម្មរបស់ លោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ ដើម្បីប្រឆាំងនឹងការសម្រេចរបស់តុលាការថា មានចេតនាចង់បង្កចលាចល និងអសន្តិសុខដល់ប្រទេសជាតិ។
កញ្ញា ធី សុវណ្ណថា បានព្រមានដូច្នេះ គឺបន្ទាប់ពីមេដឹកនាំគណបក្សប្រឆាំង លោក កឹម សុខា បានព្រមានជាថ្មី ថា លោក និងតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ នឹងធ្វើបាតុកម្មទ្រង់ទ្រាយធំទូទាំងប្រទេស បើសិនជាតុលាការនៅតែបន្តផ្តន្ទាទោសលើរូបលោក ហើយមិនអាចរកដំណោះស្រាយនយោបាយ ជាមួយគណបក្សកាន់អំណាចបាន៕