សម្តេច​តេ​ជោ​បញ្ជា​ឲ្យ​សម្តេច ស ខេង ត្រៀមកម្លាំង​បង្ក្រាប​បាតុកម្ម​បក្សប្រឆាំង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 13 September, 2016 ក+ ក-

រាជធានី​ភ្នំពេញ​៖​សម្តេច ហ៊ុន សែន បានចេញ​បញ្ជា​ឲ្យ​សម្តេច​ក្រឡាហោម ស ខេង និង​កម្លាំងប្រដាប់អាវុធ​ទាំងអស់​ត្រៀម​បង្ក្រាប មហា​បាតុកម្ម​ខុសច្បាប់ របស់​គណបក្ស​សង្គ្រោះ​ជាតិ ខណដែល​សម្តេច​ចាត់ទុកថា គម្រោង​ធ្វើបាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ កំពុង​គំរាមកំហែង​យ៉ាងធ្ងន់ធ្ងរ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា និង​បង្ក​អសន្តិសុខ​ដល់​ប្រទេសជាតិ ហើយ​រាជរដ្ឋាភិបាល​នឹង​កំចាត់​ចោល កម្លាំង​ណាក៏ដោយ​ដែល​ល្មើសច្បាប់ ។​
​សម្តេច ហ៊ុន សែន បាន​ថ្លែង​បញ្ជាក់ថា ទោះ​តម្លៃ​ណាក៏ដោយ ពេលវេលា​ណាក៏ដោយ ទំហំ​ណាក៏ដោយ ទ្រង់ទ្រាយ​ណាក៏ដោយ រាជរដ្ឋាភិបាល​មិន​អនុញ្ញាត​ជាដាច់ខាត ព្រោះនេះ​ជាការ​គំរាមកំហែង​យ៉ាងធ្ងន់ធ្ងរ​បំផុត​ដល់​ប្រជាជន និង​ប្រទេសជាតិ ។​
​សម្តេច​ក៏បាន​ព្រមាន​ខ្លាំងៗ​ថា «​រាជរដ្ឋាភិបាល​សូម​ធ្វើការ​ព្រមាន​ទៅ​អ្នក​ដែលមាន​កំហុស សូមកុំ​ធ្វើ​ខុស​តទៅទៀត បើ​មិន​ដូច្នោះ​នឹង​នាំ​ផល​អាក្រក់ ដល់​ខ្លួន​, កំហុស​ខ្លួនឯង​ត្រូវ​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់​»​។​
​សូមជម្រាបថា ការព្រមាន និង​ចេញ​បញ្ជា​របស់​សម្តេច ហ៊ុន សែន ធ្វើឡើង​បន្ទាប់ពី​មេគណបក្ស​សង្គ្រោះ​ជាតិ បានប្រកាសថា នឹង​ប្រមូល​អ្នកគាំទ្រ​ធ្វើ​មហា​បាតុកម្ម​មួយ​ក្នុងពេល​ឆាប់ៗ នេះ ដើម្បី​ទាមទារ​ឲ្យ​តុលាការ​ទម្លាក់​បទចោទប្រកាន់​លើ​លោក កឹម សុខា និង​លោក សម រង្ស៊ី រួមទាំង​តំណាងរាស្ត្រ និង​អ្នកគាំទ្រ​ដែល​កំពុង​រង​ការចោទប្រកាន់​ពី​តុលាការ និង​ជាប់ពន្ធនាគារ ៕

maxresdefault