រាជធានីភ្នំពេញ៖ឆ្លើយតបភ្លាមៗ ចំពោះការព្រមានធ្វើមហាបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ គេសង្កេតឃើញថា ទាំងមេបញ្ជាការកងទ័ពទាំងមេបញ្ជាការកងអង្គរ័ក្ស បានចេញមុខប្រកាសជាសាធារណ ដែលបង្ហាញពីការប្តេជ្ញាចិត្តដ៏ម៉ឺងម៉ាត់ ដើម្បីកម្ចាត់រាល់សកម្មភាពល្មើសច្បាប់ ឬ មហាបាតុកម្មដឹកនាំដោយកណបក្សសង្គ្រោះជាតិ ប្រសិនបើមហាបាតុធ្វើដោយខុសច្បាប់ ។
នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង មេបញ្ជាការកងអង្គរក្សសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសឲ្យដឹងថា គ្រប់កម្លាំងនៃកងអង្គភាពទាំងអស់របស់បញ្ជាការដ្ឋានកងអង្គរក្ស បានត្រៀមរួចជាស្រេចហើយ ដើម្បីអនុវត្តបទបញ្ជា និងកំចាត់ចោលជនដែលបំពាន លើបញ្ហាបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ ។
នាយឧត្តមសេនីយ៍មេបញ្ជាការរូបនោះបញ្ជាក់ថា គ្មានអនុញ្ញាតឲ្យធ្វើអ្វី តាមអំពើចិត្តនោះទេ ចំពោះការធ្វើមហាបាតុកម្មនោះ យើងមានសិទ្ធិក្នុងការពារសេចក្តីសុខជូនប្រជាពលរដ្ឋ និងស្ថេរភាពសង្គម ហើយកម្លាំងប្រដាប់អាវុធទាំងអស់ កំពុងត្រៀមជាស្រេចហើយ ដើម្បីអនុវត្តបទបញ្ជារបស់នាយករដ្ឋមន្ត្រី ។
ចំណែកនាយឧត្តមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ បានអះអាងប្រាប់អ្នកសារព័ត៌មានថា កងទ័ពរបស់កម្ពុជា បានត្រៀមខ្លួនរួចជាស្រេច ក្នុងការអនុវត្តតាមបទបញ្ជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ឱ្យមានប្រសិទ្ធភាព ដើម្បីទប់ស្កាត់សកម្មភាពទាំងឡាយណា ដែលបង្កអសន្តិសុខដល់ប្រទេសជាតិ ។
គួរបញ្ជាក់ថា គណបក្សសង្គ្រោះជាតិ បានប្រកាសជំហរ កាលពីពេលថ្មីៗ នេះ ថា គណបក្សនេះដឹកនាំកម្លាំងអ្នកគាំទ្រធ្វើមហាបាតុកម្មមួយក្នុងពេលឆាប់ៗ នេះ ។ ការប្រកាសធ្វើមហាបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ ធ្វើឡើងបន្ទាប់ពីលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ត្រូវសាលាដំបូង រាជធានីភ្នំពេញ សម្រេចផ្តន្ទាទោសដាក់ពន្ធនាគារ ៥ខែ និងពិន័យជាប្រាក់ ៨០ម៉ឺនរៀល ពីបទ «បដិសេធក្នុងការចូលខ្លួន» តាមមាត្រា ៥៣៨ នៃក្រមព្រហ្មទណ្ឌ កាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៦កន្លងទៅនេះ។ ក្រោយការប្រកាសផ្តន្ទាទោសនេះ គណបក្សសង្គ្រោះជាតិ តែងបានធ្វើការជួបជុំអ្នកគាំទ្រ របស់ខ្លួននៅក្នុង ទីស្នាក់ការនាសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ និងថ្លែងសារនានាបង្ហាញពីការតស៊ូជាមួយរាជរដ្ឋាភិបាល៕