ដោយ៖ប៉ែន សុផល
បាត់ដំបង៖ក្រុមហ៊ុនឯកជនលួចលាក់បញ្ចាំមួយកន្លែង នៅតាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង បានដើរតាមភូមិ ឃុំបំផុសឲ្យពលរដ្ឋ យកទ្រព្យសម្បត្តិមកបញ្ចាំឲ្យខ្លួនដើម្បីទទួលបានការប្រាក់ ហើយបើគ្មានទ្រព្យ អាចដាក់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬសៀវភៅស្នាក់នៅបញ្ចាំរក៏បាន។
បើតាមការលើកឡើងរបស់ប្រជាពលរដ្ឋបានអោយដឹងថា ជារៀងរាល់ថ្ងៃពួកគាត់តែងឃើញបុគ្គលិករបស់ក្រុមហ៊ុនឯកជន(ប៊ី អិល ហ្វាន់ ខេមបូឌា អ៊ិនវេសម៉ីនខូអិលធីឌី)បានដើរតាមភូមិបំផុសអោយពលរដ្ឋយកអត្តសញ្ញាណប័ណ្ណ និងសៀវភៅគ្រួសារមកដាក់បញ្ចាំហើយក្នុងការដាក់បញ្ចាំអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ១ប័ណ្ណ ឬសៀវភៅស្នាក់នៅមួយក្បាលអាចយកលុយបានចាប់ពីរ ១០ម៉ឺនរៀល រហូតទៅដល់៥០ម៉ឺនរៀល ដោយពួកគេចុះទៅបំផុសបំផុលពលរដ្ឋ ដល់មូលដ្ឋានតែម្តង។
ប្រជាពលរដ្ឋលើកឡើងទៀតថា៖នៅពេលដែលពួកគាត់ ខ្វះលុយបង់ ហើយសុំយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬក៍សៀវភៅស្នាក់នៅដើម្បីយក មកចុះឈ្មោះបោះឆ្នោតសិនតែខាងអ្នកទទួលបញ្ចាំរនោះបដិសេដ្ឋមិនព្រមអោយទេ។
សូមបញ្ជាក់ដែរថា ក្រៅពីក្រុមហ៊ុនខាងលើ ដែលទទួលបញ្ចាំរអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬក៏សៀវភៅស្នាក់នៅក៏នៅមានទីតាំងទទួលបញ្ចាំរលួចលាក់របស់ក្រុមហ៊ុនឯកជនជាច្រើនផ្សេងទៀត អនុវត្តន៍ទទួលបញ្ចាំរដូចៗគ្នា ប្រមូលការប្រាក់ពីប្រជាពលរដ្ឋ រយៈពេលជាង១ឆ្នាំមកហើយ ហើយសមត្ថកិច្ចពាក់ព័ន្ធមិនទាន់មានវិធានការនៅឡើយ ទេលើករណីនេះ បើទោះបីជាមានការលើកឡើងជាច្រើនពីសំណាកប្រជាពលរដ្ឋយ៉ាងណាក៍ដោយ។
ពាក់ព័ន្ធករណីខាងនេះដែរ នៅល្ងាចថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦នេះ លោក ប៉ាង ហាង អធិការនគបាលក្រុងបាត់ដំបង បានស្នើរសុំឲ្យអ្នកសារពត៌មានជូនលោកទៅដល់ទីតាំងទទួលបញ្ចាំរ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬក៍សៀវភៅស្នាក់នៅខាងលើ ដែលស្ថិតនៅផ្លូវជាតិលេខ៥ ក្នុងភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង ប៉ុន្តែនៅពេលលោកអធិការទៅដល់ត្រូវបានទីតាំងនោះបិទទ្វារហើយបុគ្គលិកដែលនៅទីនោះប្រាប់ថាដល់ពេលសម្រាកការងារហើយ។
ចំណែកលោក ដូត វាសនា ជាមេក្រុមហ៊ុន បានប្រាប់តាមទូរស័ព្ទ កាលពីល្ងាចថ្ងៃទី១២ នេះថាខាងក្រុមហ៊ុនរបស់ លោកនៅពេលនេះកំពុងតែធ្វើការរត់ច្បាប់ហើយ ៕