ភ្នំពេញ៖ក្រោយពីមានជំនួបកំពូលរវាងមេដឹក នាំគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ រដ្ឋសភាជាតិគ្រោងដាក់សំណើពិនិត្យដើម្បីធ្វើវិសោធនកម្មលើមាត្រា៤៨ថ្មី២ស្តីពីការបង្កើតប្រធានក្រុមតំណាងរាស្ត្រភាគតិចក្នុងសភានៅសប្តាហ៍ក្រោយនេះ។
លោកអេង ឆៃអ៊ាង ប្រធានគណៈកម្មការទី១ ជាសមាជិកជាន់ខ្ពស់របស់គណបក្សប្រឆាំង បានបញ្ជាក់ប្រាប់អ្នកកាសែតនៅថ្ងៃសុក្រនេះថា សំណើបង្កើតប្រធានក្រុមតំណាងរាស្ត្រភាកតិចក្នុងសភា និងប្រធានក្រុមតំណាង រាស្ត្រភាគតិចឋានៈស្មើនាយករដ្ឋមន្ត្រីនេះ នឹងត្រូវគណៈអចិន្ត្រៃយ៍របស់សភា ពិនិត្យពិភាក្សានៅសប្តាហ៍ ដើម្បីបើកផ្លូវឱ្យគណៈកម្មការនីតិកម្មរបស់រដ្ឋសភាចាប់ផ្តើមពិនិត្យធ្វើវិសោធនកម្ម ដែលប្រមុខដឹកនាំគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ បានចាត់ទុកថា ជាកិច្ចការងារអាទិភាព។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងកាលពីថ្ងៃព្រហស្បតិ៍ថា ការ បង្កើតឱ្យមានប្រធានក្រុមតំណាងរាស្ត្រដែលជាដៃគូសន្ទនាជាមួយនាយករដ្ឋមន្ត្រី និងមានឋានៈស្មើនាយករដ្ឋមន្ត្រីនេះ គឺជាការបង្កើតវប្បធម៌សន្ទនាពិភាក្សារវាងអ្នកនយោបាយនៅកម្ពុជា។លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ឋានៈស្មើនាយករដ្ឋមន្ត្រីនេះ គឺគ្រាន់តែជាអាសនៈក្រមប៉ុណ្ណោះ។
លោកអេង ឆៃអ៊ាងបានគូសបញ្ជាក់ទៀតថា កិច្ចការងារស្តីពីដំណើរការរៀបចំគ.ជ.បថ្មីនោះ ត្រូវបានក្រុមការងារគណបក្សទាំងពីរបានបញ្ចប់ហើយ។ បច្ចុប្បន្ននេះ ក្រុមការងារគណបក្សទាំងពីរនឹងចាប់ផ្តើមពិភាក្សាលើច្បាប់បោះឆ្នោត របស់គ.ជ.បជាបន្តទៀត ដើម្បីកំណត់ថា តើគួរតែយកច្បាប់របស់គ.ជ.ប ចាស់យកមកប្រើ ឬបង្កើតច្បាប់ថ្មី។
ក្នុងសេចក្ដីប្រកាសព័ត៌មាន ដែលចុះហត្ថលេខាដោយ លោក ហ៊ុន សែន និងលោក សម រង្ស៊ី បានបញ្ជាក់ថា ប្រធានក្រុមភាគតិចនៅរដ្ឋសភា នឹងមានឋានៈស្មើនាយករដ្ឋមន្ត្រី និងមានតួនាទីជាគូសន្ទនាជាមួយប្រមុខរដ្ឋាភិបាលទាក់ទង់នឹងបញ្ហា របស់ប្រទេសជាតិ។
សម្រាប់អ្នកវិភាគនយោបាយ លោក បណ្ឌិត សុខ ទូច យល់ឃើញថា ប្រសិនបើប្រទេសកម្ពុជាស្ថិតក្នុងដំណាក់ការបង្រួបបង្រួមជាតិ គេអាចប្រើប្រាស់រូបភាពនេះបាន ប៉ុន្តែលោកថា ដោយសារកម្ពុជាបានងើបផុតពីដំណាក់ការបង្រួបបង្រួមជាតិ ឈានចូលដល់ដំណាក់ការកសាង និងការពារជាតិហើយ ដូច្នេះកម្ពុជាមិនចាំបាច់ត្រូវការឲ្យមានប្រធានក្រុមតំណាងរាស្ត្រ ភាគតិចនោះទេ។
លោកបន្តថា ក្នុងបរិបទប្រទេសកម្ពុជាបច្ចុប្បន្ន ការបង្កើតឲ្យមានថ្នាក់ដឹកនាំតំណាងរាស្ត្រ និងប្រធានក្រុមភាគតិចនៅក្នុងរដ្ឋសភា គឺមិនចាំបាច់នោះឡើយ ព្រោះលោកថា គណបក្សប្រឆាំង សព្វថ្ងៃមានសំឡេងគ្រប់គ្រាន់នៅក្នុងសភា ដើម្បីកោះហៅមន្ត្រីរដ្ឋាភិបាលមកសួរដេញ ដោលបាន គ្រប់ពេលវេលា។ ផ្ទុយទៅវិញលោកថា ការបង្កើតក្រុមថ្មីនេះ នឹងធ្វើឲ្យបាត់បង់ អំណាចសភា ដែលមានស្រាប់ និងធ្វើឲ្យខាតបង់ថវិកាជាតិទៀតផង។
លោកបណ្ឌិត សុខ ទូច ក៏យល់ឃើញដែរថា ការបង្កើតឲ្យមានក្រុមថ្មីនៅក្នុងសភានេះ គឺប្រៀបបានទៅនឹងការបង្កើតនូវរដ្ឋធម្មនុញ្ញថ្មីមួយ ក្នុងរដ្ឋធម្មនុញ្ញដែលមានស្រាប់ ហើយវាក៏ធ្វើឲ្យរដ្ឋបាលក្នុងសភា រឹតតែមានភាពអនាធិបតេយ្យផងដែរ៕ ជំនិត