ដៃ​សើម​ទៅ​ដោត​ព្រី​ភ្លើង​ឆ្លង​ចរន្តអគ្គិសនី​ឆក់​ស្លាប់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 15 September, 2016 ក+ ក-

ខេត្តពោធិ៍សាត់​៖​បុរស​ម្នាក់​ត្រូវ​ចរន្តអគ្គិសនី​ឆក់​ស្លាប់​ភ្លាមៗ គ្រា​ដែល​យក​ដុំ​ម៉ូ​ទ័​រ​បូមទឹក​ទៅ​ដាក់​ក្នុង​ទឹកអូរ រួច​ដោត​ព្រី​ភ្លើង​ជាប់​នឹង​សសរ​ទាំង​ដៃ​នៅ​សើម ដែល​ហេតុការណ៍​នេះ​កើតឡើង​នៅ​ចំណុច​អូរ​សាបមាត់​លើ ស្ថិតក្នុង​ភូមិ​ប្រ​ម៉ោ​យ ឃុំ​ប្រ​ម៉ោ​យ ស្រុក​វាលវែង ខេត្តពោធិ៍សាត់​។​
​អធិការនគរបាល​ស្រុក​វាលវែង លោក ធាង ឡេង ឱ្យដឹងថា បុរស​ដែល​ស្លាប់​នោះ មានឈ្មោះ ភឹម សុខ​ឃឿន អាយុ​៣២​ឆ្នាំ មាន​ប្រពន្ធ​ឈ្មោះ ពុំ កេ​សី អាយុ​៣២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្បូវ​រីក ឃុំ​លាច ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់​។​
​លោក​អធិការ​បន្ដថា នៅវេលា​ម៉ោង​១១ និង​៥០​នាទី​ព្រឹក​ម្សិលមិញ ជនរងគ្រោះ​បាន​យក​ដុំ​ម៉ូ​ទ័​រ​បូមទឹក ទៅ​ដាក់​ក្នុង​ទឹកអូរ ហើយ​ប្រហែលជា​ទទឹក​ខ្លួន ឬ​សើម​ដៃ គាត់​ក៏បាន​ដោត​ព្រី​ភ្លើង​ជាប់​នឹង​សសរ ពេល​ដោត​ទៅ​ស្រាប់តែ​ឆ្លង​ចរន្តអគ្គិសនី​ឆក់​ស្លាប់​ភ្លាមៗ នៅ​កន្លែងកើតហេតុ​តែម្តង​។ លោក​អធិការ​បញ្ជាក់ថា ក្រោយពេល​កើតហេតុ ក្រុមគ្រួសារ​ក៏បាន​ព្យាយាម​បញ្ជូន​គាត់​ទៅ​មណ្ឌល​សុខភាព ដើម្បី​ជួយសង្គ្រោះ តែ​ជា​អកុសល​ជនរងគ្រោះ​បាន​ស្លាប់បាត់​បង់ជីវិត​ទៅហើយ​។
​បច្ចុប្បន្ន សាកសព​ជនរងគ្រោះ ត្រូវបាន​សមត្ថកិច្ច​ប្រគល់ឱ្យ​ក្រុមគ្រួសារ ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

fn-2016-09-15-07-36-29-3fn-2016-09-15-07-36-28-0