រាជធានីភ្នំពេញ៖ជនសង្ស័យមានគ្នាជាង១០នាក់ស្ទាក់វាយប្លន់យកម៉ូតូនារីវ័យក្មេង៤នាក់ដែលជិះម៉ូតូម៉ាកហុងដាឌ្រីមមួយគ្រឿង ឌុបគ្នាចេញពីកន្លែងញុំាអាហារនៅជិតកោះពេជ្រ តែមិនានចម្រេសត្រូវ កម្លាំងនគរបាលល្បាតជួយទាន់ពេល និងដេញចាប់ឃាត់ខ្លួនបានចំនួន២នាក់ភ្លាមៗ។ ហេតុការណ៍ភ្ញាក់ផ្អើលនេះកើតឡើងកាលពីវេលាម៉ោង១ និង២០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចមុខណាហ្គា ស្ថិតក្នុង សង្កាត់ចតុមុខ ខណ្ឌដូនពេញ។
តាមសំដីជនរងគ្រោះបានឱ្យដឹងថា នៅមុនពេលកើតហេតុពួកគេមានគ្នា៤នាក់ បានជិះម៉ូតូមួយគ្រឿង ឌុបគ្នាមកពីអង្គុយញុំាអាហារ នៅសួនជិតគល់ស្ពានកោះពេជ្រ ពេលញ៉ាំរួចហើយ ទើបនាំគ្នាចេញត្រលប់ទៅផ្ទះ ខណៈជិះមកដល់មុខណាហ្គា ស្រាប់តែមានជនសង្ស័យមួយក្រុមមានគ្នាជាង១០នាក់ ជិះម៉ូតូជាច្រើនគ្រឿង បានជិះម៉ូតូមកជិតហើយធាក់ប្តួល បំណងចង់ប្លន់យកម៉ូតូពួកគេ។
ក្នុងពេលកម្លាំងនគរបាលកំពុងដើរល្បាត បានប្រទះឃើញហេតុការណ៍ខាងលើ ក៏បានចុះអន្តរាគមន៍ភ្លាមៗ ធ្វើឱ្យជនសង្ស័យភ័យ និងនាំគ្នាជិះម៉ូតូរត់រហូតដល់ចំណុចមុខវត្តកោះ ផ្លូវព្រះមុន្នីវង្ស ទើបកម្លាំងសមត្ថកិច្ចតាមទាន់ ហើយឃាត់បាន២នាក់ ក្នុងចំណោមពួកគេទាំង១០នាក់ ដកហូតបានម៉ូតូមួយគ្រឿងម៉ាកឌ្រឹមសង់ ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1DB-5649 ចំណែកបក្សពួកផ្សេងទៀតរត់គេចខ្លួនបាត់។
ក្រោយពេលកើតហេតុ ជនសង្ស័យទាំង២នាក់ រួមទាំងម៉ូតូ ត្រូវបានសមត្ថកិច្ចយកទៅប៉ុស្តិ៍រដ្ឋបាលនគរបាលចតុមុខ ធ្វើការសាកសួរ ដើម្បីកសាងសំណុំរឿង ទៅអធិការដ្ឋានចាត់ការបន្ត៕