រាជធានីភ្នំពេញ៖មន្ត្រីជាន់ខ្ពស់ CPP ថ្លែងប្រាប់អ្នកសារព័ត៌មានថា កម្លាំងសមត្ថកិច្ចនឹងចាប់ខ្លួនលោក កឹម សុខា ប្រសិនបើសេចក្តីសម្រេច ចុងក្រោយរបស់តុលាការកំពូល ដោយតម្កល់សាលក្រមរបស់សាលាឧទ្ធរណ៍ និងសាលាដំបូងរាជធានីទុកជាបានការដដែលនេះ។
លោក សុខ ឥសាន អ្នកនាំពាក្យ CPP បានថ្លែងដូច្នេះ ដើម្បីឆ្លើយតបនឹងការប្រកាសរបស់គណបក្សសង្គ្រោះជាតិ អំពីផែនការធ្វើបាតុកម្មប្រឆាំងនឹងសាលក្រមរបស់ តុលាការ ពាក់ព័ន្ធនឹងរឿងក្តីរបស់លោក កឹម សុខា ដែលត្រូវបានតុលាការក្រុងភ្នំពេញសម្រេចផ្តន្ទាទោសរយៈពេល៥ខែ និងពិន័យ៨០ម៉ឺនរៀល។
លោក សុខ ឥសាន បានបញ្ជាក់ថា «តាមផ្លូវច្បាប់ប្រសិនបើតុលាការកំពូល និងសាលាឧទ្ធរណ៍សម្រេចតម្កល់សាលក្រម របស់សាលាដំបូងបិទផ្លូវតវ៉ា ពេលនោះអាជ្ញាធរនឹងចាត់វិធានការណ៍ចាប់ខ្លួនលោក កឹម សុខា, ហើយប្រសិនបើមានការប្រឆាំងតវ៉ានោះ រាជរដ្ឋាភិបាលនឹងមិន នៅស្ងៀមនោះទេ នឹងធ្វើការបង្ក្រាបហើយ។
អ្នកនាំពាក្យ CPP ដដែលបានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលបំផ្លាញខ្មែរក្រហមឲ្យរលំរលាយបាន ទាំងអង្គការយោធា និងអង្គការនយោបាយ ចុះទម្រាំបាតុកម្មប៉ុណ្ណឹងធ្វើមិនបានយ៉ាងមិចនោះ ៕