ដោយ៖ប្រុញ វិធិន
ក្រចេះ៖នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៦នេះលោក សរ សុវណ្ណ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង អញ្ជើញចូលរួមក្នុងពិធីបិទវគ្គសិក្ខាសាលាស្ដីពីការគ្រប់គ្រងប្រព័ន្ធមូលដ្ឋានទិន្ន័យសម្រាប់ការងារចុះបញ្ជីដីធ្លី នៅសណ្ឋាគារសន្តិភាព ខេត្តក្រចេះ ។
សិក្ខាសាលានេះ គឺរៀបចំឡើងដោយអគ្គនាយកដ្ឋានសូរិយោដី និងភូមិសាស្ត្រនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ប្រព្រឹត្តទៅរយៈពេលបីថ្ងៃ ដែលមានសិក្ខាកាមចូលរួមសរុប ១៤២នាក់ មកពីថ្នាក់ក្រសួង និងមន្ត្រីមកពីខេត្តចំនួន ១៣ រួមមានខេត្តក្រចេះ មណ្ឌលគិរី កំពង់ចាម ត្បូងឃ្មុំ រតនគិរី ស្ទឹងត្រែង ឧត្តរមានជ័យ សៀមរាប កំពង់ធំ ព្រះវិហារ បាត់ដំបង់ បន្ទាយមានជ័យ និងខេត្តប៉ៃលិន ។
ក្នុងរយៈពេលបីថ្ងៃនេះ សិក្ខាកាមបានទទួលនូវចំណេះដឹង បទពិសោធ បច្ចេកទេសថ្មីជាច្រើនទាក់ទងនឹងការងារគ្រប់គ្រងប្រពន្ធ័ទិន្ន័យមូលដ្ឋានសម្រាប់ការចុះបញ្ជីដីធ្លី ដោយក្នុងនោះរួមមាន របៀបរៀបចំការទុកដាក់ទិន្ន័យអេឡិចត្រូនិច ការថតចម្លងទិន្ន័យ (Backup data) វិធានការការពារសុវត្ថិភាពទិន្ន័យក្នុងមូលដ្ឋានអេឡិចត្រូនិច និងសុរិយោដី ការធ្វើបច្ចុប្បន្នភាពទិន្ន័យក្នុងមូលដ្ឋានទិន្ន័យចុះបញ្ជីដី និងលទ្ធផលនៃការអភិវឌ្ឍប្រពន្ធ័គ្រប់គ្រងមូលដ្ឋានទិន្ន័យថ្មីដែលមានឈ្មោះថា ប្រពន្ធ័ព័ត៌មានសុរិយោដីកម្ពុជា ។
ជាមួយគ្នានោះសិក្ខាកាម បានធ្វើការបែងចែកជាក្រុម ដើម្បីពិភាក្សាលើបញ្ហាប្រឈម ចំនុចខ្វះខាត ចំណុចខ្លាំង ចំណុចខ្សោយ និងផលលំបាកនៃការប្រើប្រាស់ និងការគ្រប់គ្រងប្រពន្ធ័មូលដ្ឋានទិន្ន័យ និងទិន្ន័យបច្ចុប្បន្ន ព្រមទាំងចំណុចត្រូវបន្ថែមក្នុងប្រពន្ធ័មូលដ្ឋានទិន្ន័យថ្មីដែលបានទើនៗបនិងអភិវឌ្ឍន៍ ។
លោក សរ សុវណ្ណ បានលើកឡើងថា តាមរយៈវគ្គសិក្ខាសាលាដែលមានរយៈពេលបីថ្ងៃនេះ លោក សង្ឃឹមជឿជាក់យ៉ាងម៉ុតមាំថា សិក្ខាកាមទាំងអស់ និងទទួលបាននូវចំណេះដឹង បទពិសោធន៍ និងបច្ចេកទេសថ្មី និងបានយល់កាន់តែច្បាស់ អំពីចំណុចខ្លាំង ខ្សោយ ក្នុងចុះអនុវត្តការងារកន្លងមក ។ ទន្ទឹមនោះក៏បានជម្រុញដល់សិក្ខាកាមទាំងអស់ ក្រោយបញ្ចប់វគ្គសិក្ខាសាលាទៅ ត្រូវខិតខំប្រឹងប្រែងបន្តអនុវត្តការងារចុះបញ្ជីដីធ្លីអោយទទួលបានលទ្ធផលល្អប្រសើរ៕