រាជធានីភ្នំពេញ៖យោងតាមការឲ្យដឹងរបស់មន្ត្រីជាន់ខ្ពស់ គណបក្សសង្គ្រោះជាតិ បញ្ជាក់ថា ចាប់ពីខែតុលាទៅតំណាងរាស្ត្របក្សនេះ នឹងចូលរួមប្រជុំសភាពេញអង្គឡើងវិញ ក្រោមហេតុផលថាដើម្បីដោះស្រាយបញ្ហាមួយចំនួនដែលកំពុងកើតមាន។
លោក សុន ឆ័យ ថ្លែងប្រាប់អ្នកសារព័ត៌មាននៅក្នុងឱកាសចុះសួរសុខទុក្ខអ្នកតំណាងរាស្ត្រ និងអ្នកគាំទ្រ CNRP ដែលកំពុងជាប់ពន្ធនាគារព្រៃសរ កាលពីព្រឹកថ្ងៃពុធនេះ ថា ថ្នាក់ដឹកនាំគណបក្សនេះកំពុងពិចារណាពីការចូលរួមប្រជុំសភា ចាប់ពីខែតុលាឡើងវិញ ដើម្បីស្វែងរកការពិភាក្សាដោយសន្តិវិធីជាមួយបក្សកាន់អំណាចដោះស្រាយបញ្ហាមួយចំនួន ដែលកំពុងកើតមានរវាងបក្សទាំងពីរ។ លោក សុន ឆ័យ បញ្ជាក់ថាគណបក្សនេះគ្រោងកោះហៅរដ្ឋមន្ត្រីចំនួន៤រូបសួរជុំវិញការបំពេញការងារមិនបានត្រឹមត្រូវ រួមមានក្រសួង សុខាភិបាល ក្រសួងយុត្តិធម៌ ក្រសួងការពារជាតិ និងក្រសួងកសិកម្ម។
លោក សុន ឆ័យ បញ្ជាក់ទៀតថារបៀបវារៈមួយចំនួនដែលគណបក្សប្រឆាំងលើកឡើង ត្រូវបានគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាទទួលយក សម្រាប់ធ្វើការពិភាក្សានៅពេលប្រជុំពេញអង្គ៕