សមត្ថកិច្ច​បង្ក្រាប​ទីតាំង​ទទួលផល​ចោរកម្ម​មួយកន្លែង​ឃាត់ខ្លួន​មនុស្ស​ម្នាក់​បញ្ជូន​ទៅកាន់​តុលាការ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 22 September, 2016 ក+ ក-

​ដោយ​៖​ប៉ែន សុផល​
​បាត់ដំបង​៖​កម្លាំង​បង្ការ​បង្ក្រាប​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​សហការ​ជាមួយ​កម្លាំង​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ​បាន​ចុះ​ប្រតិបត្តិ​ការបង្ក្រាប​ទីតាំង​ទទួលផល​ចោរកម្ម​មួយកន្លែង និង​ឃាត់ខ្លួន​ជនសង្ស័យ​ពាក់ព័ន្ធ​ម្នាក់​បញ្ជូន​ទៅកាន់​តុលាការ​។
ហេតុការណ៍​បង្ក្រាប​ករ​ណី​នេះ​ធ្វើឡើង​កាលពី​រសៀល​ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​២០១៦ នៅ​ចំណុច​ភូមិ​អូស​ទូក ឃុំ​កំពង់​ព្រៀង ស្រុក​សង្កែ ខេត្តបាត់ដំបង​។
លោក ឈឿង គឹម​សុង មេក្រុម​បង្ការ​បង្ក្រាប​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​បាន​បញ្ជាក់ថា​ក្រោយពី​ទទួលបាន​សេចក្តីរាយការណ៍​ថា ទីតាំង​ខាងលើ​មានការ​នាំយក​ម៉ូតូ​ចូល​ជា​បន្តបន្ទាប់ និង​បាន​ដោះ​បំបែក​ច្រក​ក្នុង​កេស​រួច​ដឹក​ចេញ​តាម​រថយន្ត​ទៅកាន់​ខេត្ត​ផ្សេងៗ​ផង​នោះ លោក​ក៏បាន​សុំ​ការអនុញ្ញាត​ពី​លោកស្នងការ​និង​ធ្វើការ​ចុះបង្ក្រាប​តែម្តង​។​
លោក​បន្តថា ក្នុង​កិច្ចប្រតិបត្តិការ​ខាងលើនេះ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ពាក់ព័ន្ធ​ម្នាក់​ឈ្មោះ​ហឿង រ័ត្ន​មុន្នី ហៅ​តឿ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​អូស​ទូក ឃុំ​កំពង់​ព្រៀង ស្រុក​សង្កែ ខេត្តបាត់ដំបង​។ វត្ថុតាង​ដកហូត​បាន​ម៉ូតូ​ចំនួន​២​គ្រឿង ស្លាក​លេខ​ចំនួន​២ កាត​គ្រី​ចំនួន​១ រួម​និង​គ្រឿង​បំលាស់​ម៉ូតូ​មួយចំនួនធំ​។​
បច្ចុប្បន្ន​ជនសង្ស័យ​ពាក់ព័ន្ធ​ខាងលើ​រួម​និង​វត្ថុតាង​ត្រូវបាន​សមត្ថកិច្ច​ជំនាញ​កំពុងធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូនបន្ត​ទៅកាន់​តុលាការ​ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​៕

14456746_1766462246925671_1100083445_o14455928_1766462250259004_855717573_o14454096_1766462240259005_2061665667_o14438970_1766462243592338_1407677214_o14438905_1766462256925670_718005496_o