ខេត្តស្វាយរៀង៖មានការភ្ញាក់ផ្អើលមួយ ខណៈដែលប្រជាពលរដ្ឋនាំគ្នាទៅរកត្រីនៅតាមប្រឡាយក៏ ស្រាប់តែប្រទះឃើញសាកសពបុរសម្នាក់ក្នុងប្រឡាយនៅខាងជើងវត្តទួល។ ករណីភ្ញាក់ផ្អើលនេះកើតឡើងកាលពីវេលាម៉ោង៣ និង៤៥នាទីរសៀល ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិព្រះទន្លេ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។
សមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ អ៊ុង សំបូ ហៅ ម៉ៅ អាយុ៥៧ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិ ចំបក់ពាម សង្កាត់សង្ឃ័រ ក្រុង ស្វាយរៀង គ្រាដែលបុរសខាងលើត្រូវបានអ្នកភូមិបានអះអាងថា ជាមនុស្សមានសតិមិនប្រក្រតី។
យោងតាមការស្រាវជ្រាវ និងពិនិត្យរបស់សមត្ថកិច្ចជំនាញ និងគ្រូពេទ្យពិនិត្យសាកសព សមត្ថកិច្ចបញ្ជាក់ថា ជនរងគ្រោះបានលង់ទឹកស្លាប់ ខណៈដើរទៅបត់ជើងធំ ហើយរអិលជើងធ្លាក់ចូលទឹកប្រឡាយលង់ស្លាប់តែម្ដងក្នុងអំឡុងម៉ោងប្រហែល១២ថ្ងៃត្រង់ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦។
ក្រោយពេលធ្វើការស្រាវជ្រាវ និងពិនិត្យរួចរាល់ សពជនរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕