ខេត្តកោះកុង៖កម្លាំងអធិការស្រុកមណ្ឌលសីមាសហការជាមួយកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការនគរបាលខេត្តបានឃាត់អតីតមន្ត្រីនគរបាលខេត្តកោះកុងទើបចូលនិវត្តន៍ម្នាក់ និងប្រពន្ធ ដែលជាមេខ្លោងចែកចាយគ្រឿញៀន យ៉ាងសកម្មក្នុងខេត្តកោះកុង។
ស្នងការរងនគរបាលខេត្តកោះកុង និងជាប្រធានការិយាល័យកណ្តាលប្រឆាំងបទល្មើសលោក យឹម ផេង បានឲ្យដឹងថា ប្រតិបត្តិការបង្ក្រាបនេះធ្វើឡើងនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។ លោកស្នងការរងបន្តថា ក្នុងប្រតិបត្តិការនេះកម្លាំងបានរឹបអូសបានថ្នាំមេតាំហ្វេតាមីន៥២០គ្រាប់ និងម៉ាទឹកកកមួយចំនួនធំ។ លោកបញ្ជាក់ថា ជនសង្ស័យ២នាក់ប្តីប្រពន្ធនេះ ប្ដីឈ្មោះ ស៊ុយ ឡូញ អាយុ៥០ឆ្នាំ ប្រពន្ធឈ្មោះ សៅ ថុនា អាយុ៤៦ឆ្នាំ ក្នុងនោះមន្ដ្រីជំនាញបានធ្វើការឆែកឆេរទីតាំង២ផ្សេងគ្នា ក្រោយមកសមត្ថកិច្ចរឹបអូសបាន ថ្នាំញៀនប្រភេទថ្នាំមេតំហ្វេតាមីន(យ៉ាម៉ា) ៥២០គ្រាប់ និងម៉ាទឹកកក៦កញ្ចប់ធំ ព្រមទាំង៨១,៧៥ក្រាម បន្ថែមទៀត។
ក្រោយពីធ្វើការឃាត់ខ្លួន ជនសង្ស័យទាំង២ ត្រូវបានកម្លាំងជំនាញ នាំខ្លួនទៅសាកសួរដើម្បីចាត់ការតាមនីតិវិធី៕