ដោយ៖ប៉ែនសុផល
បាត់ដំបង៖កាលពីព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦ លោក ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ បានដឹកនាំប្រតិភូរបស់ក្រសួងចុះសួរសុខទុក្ខកងកម្លាំងនគរបាលវរះសេនាតូចការពារព្រំដែនគោកលេខ៣១០និង៨២៣ស្រុកសំឡូតដែលជាវរះសម្ព័ន្ធមេត្រីភាពជាមួយក្រសួងផែនការ។
អញ្ជើញចូលរួមក្នុងពិធីនាពេលនេះផងដែរមានឯកឧត្ដម លោកជំទាវ ថ្នាក់ដឹកនាំក្នុងក្រសួងផែនការ នាយកដ្ឋានជំនាញនគរបាលព្រំដែនគោករួមនិងទីបញ្ជាការនគរបាលប្រចាំទិសភូមិភាគទី៥ផងដែរ។
លោកឧត្តមសេនីយ៍ត្រី ពុំ ចាន់ ស្នងការរងទទួលផែនព្រំដែនបានលើកឡើងថា វរះសេនាតូចការពារព្រំដែនគោកទាំងពីរត្រូវបានរដ្ឋាភិបាលប្រគល់ភារកិច្ចអោយទទួលខុសត្រូវការពារតាមបន្ទាត់ព្រំដែនកម្ពុជាថៃចំងាយ៦៩គីឡូម៉ែត្រពីចំណុចTV២៩៣.០៧៦ដល់ចំណុចTV៥៤១.៨៣៨ពីព្រំប្រទល់សង្កាត់បយ៉ាខាក្រុងប៉ៃលិនរហូតដល់ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។
លោកទេសរដ្ឋមន្ត្រី ឆាយ ថន បានសម្តែងនូវការនឹករលឹកនិងកោតសរសើរចំពោះវរះភាពរបស់កងកម្លាំងនគរបាលទាំងអស់ដែលបានយកចិត្តទុកដាក់បំពេញតួនាទី ភារកិច្ចរបស់ខ្លួននាពេលកន្លងមកក្នុងបុព្វហេតុការពារបូរណភាពទឹកដីជូនជាតិនិងប្រជាជន។ លោកបន្តថា ក្នុងនាមក្រសួងដែលជាសម្ព័ន្ធមេត្រីភាពជាមួយ កងកម្លាំងនគរបាលវរះសេនាតូចការពារព្រំដែនគោក លោកក៍ដូចជាថ្នាក់ដឹកនាំដទៃទៀតតែងតែមានការគិតគូរអំពីសុខទុក្ខជាប់ជាប្រចាំដល់កងកម្លាំងនគរបាលដែលកំពុងបំពេញភារកិច្ចនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជានិងថៃ។
ក្នុងសំណេះសំណាលនិងសួរសុខទុក្ខទៅដល់វរះសេនាតូចការពារព្រំដែនគោកទាំងពីរលោក ឆាយ ថន បានឧបត្ថម្ភ ក្នុងមួយអង្គភាពទទួលបានថវិកាចំនួន២,០០០,០០០រៀល សាច់ក្រកសាច់ជ្រូកចំនួន២៥គីឡូក្រាម -មីចំនួន២៥កេសតូច និងអង្ករចំនួន១២ទេយ្យផងដែរ។ ដោយឡែកកងកម្លាំងចូលរួមសរុបចំនួន១៨០នាក់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន៣០០០០រៀល សាច់ក្រក១គីឡូក្រាម និងមី ១កេសតូចផងដែរ៕