ខេត្តកំពង់ស្ពឺ៖យុវជនម្នាក់បានសម្រេចចិត្តបញ្ចប់ជីវិតខ្លួនឯង ព្រោះតែឪពុកម្តាយស្តីប្រដៅកុំឲ្យដើរលេងផឹកស៊ីជាមួយមិត្តភក្តិច្រើនពេក ដែលហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលនេះកើតឡើងកាលពីវេលាម៉ោង៥ និង៣០នាទីល្ងាច ថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៦ នៅភូមិព្រៃរងៀង ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
អធិការនគរបាលស្រុក លោកវរសេនីយ៍ទោ ឃុត សុផល បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ វង់ ពិសិដ្ឋ ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ។ លោកអធិការបន្តថា តាមការសាកសួរក្រុមគ្រួសារជនរងគ្រោះបានប្រាប់ថា មុនពេលកើតហេតុឪពុកម្តាយបានស្តីប្រដៅថា កុំឲ្យដើរលេងផឹកស៊ីជាមួយមិត្តភក្តិពួកម៉ាកច្រើនពេក គួរតែយកពេលទំនេរជួយធ្វើកិច្ចការផ្ទះ ព្រោះថាការសេពគប់ និងដើរលេងច្រើនវាមិនល្អនោះទេ អាចនាំឲ្យមានរឿងអន្តរាយដល់ខ្លួនដោយប្រការចៃដន្យណាមួយ ។
ប្រភពព័ត៌មានបានបន្តទៀតថា ក្រោយពីឪពុកម្តាយនិយាយស្តីប្រដៅចប់ ជនរងគ្រោះបានដើរទៅក្រោយផ្ទះបាត់គ្មានអ្នកណាចាប់អារម្មណ៍ថាគេទៅធ្វើអ្វីនោះទេ ។ លុះល្ងាចឡើងក្រុមគ្រួសារបងប្អូនបាននាំគ្នាដើររកហៅមកហូបបាយ ស្រាប់តែប្រទះឃើញជនរងគ្រោះចងកនៅនឹងដើមត្របែកស្លាប់បាត់ទៅហើយ និងបានរាយការណ៍ឲ្យសមត្ថកិច្ចចុះមកពិនិត្យ ។
លោកអធិការបានឲ្យដឹងទៀតថា សពបានចងកសម្លាប់ខ្លួនឯងនឹងខ្សែក្រវាត់ពណ៌ខ្មៅជាប់ដើមត្របែកកំពស់៣ម៉ែត្រ នៅក្នុងដីឡូត៍ខ្លួនឯង ។ ក្រោយធ្វើការពិនិត្យលើខ្លួនប្រាណយ៉ាងយកចិត្តទុកដាក់រួចមក គ្មានស្លាកស្នាមអី្វទាំងអស់ក្រៅអំពីស្នាមចងកនឹងខ្សែក្រវាត់ ហើយការពិនិត្យនេះទៀតសោតមានការចូលរួមពីសំណាក់លោកមេឃុំ មេភូមិ និងក្រុមគ្រួសារជនរងគ្រោះផងដែរ ។
ក្រុមគ្រួសារសពទទួលស្គាល់ថា ជនរងគ្រោះពិតជាចងកសម្លាប់ខ្លួនឯងពិតប្រាកដមែន ។ សពត្រូវបានក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណីក្រោយពីសមត្ថកិច្ចធ្វើការពិនិត្យ និងបំពេញឯកសាររួចរាល់៕