ឡើង​ត​ខ្សែភ្លើង​មិន​ផ្តាច់​ចរន្ត​បណ្ដាល​ឲ្យ​ឆក់​ស្លាប់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 3 October, 2016 ក+ ក-

ខេត្តសៀមរាប​៖​បុរស​ម្នាក់​ត្រូវ​ចរន្តអគ្គិសនី​ឆក់​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង ខណៈ​ឡើង​ត​ខ្សែភ្លើង​ដោយ​មិនបាន​ផ្តាច់​ចរន្តអគ្គិសនី​ជាមុន​ ដែលហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៥​ល្ងាច ថ្ងៃទី​២ ខែតុលា ឆ្នាំ​២០១៦ នៅ​ក្នុងភូមិ​សាលាកន្សែង សង្កាត់​ស្វាយដង្គំ ក្រុង​-​ខេត្តសៀមរាប ។​
​អធិការនគរបាល​ក្រុង​សៀមរាប លោក​វរសេនីយ៍ឯក ទិ​ត្យ ណា​រ៉ុង បានឱ្យដឹងថា ជនរងគ្រោះ​មានឈ្មោះ គុម វណ្ណ​នី ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ជា​ម្ចាស់​ធ្វើ​ទឹក​សុទ្ធ រស់នៅ​ភូមិ​កើតហេតុ​ខាងលើ​។ លោក​បន្តថា មុនពេល​កើតហេតុ​ជនរងគ្រោះ​បានដាក់​ជណ្ដើរ​ឡើងទៅ​ត​ខ្សែភ្លើង​ម៉ូ​ទ័​រ​បូមទឹក​ដាក់​ធុង​នៅក្នុង​រោង​ធ្វើ​ទឹក​សុទ្ធ​ខាងលើ​ដោយ​មិនបាន​បិទ​ចរន្តអគ្គិសនី​ជាមុនសិន ទើប​បណ្ដាលឱ្យ​ឆក់​ស្លាប់​ខ្លួនឯង​យ៉ាង​ដូច្នេះ ។​
​ក្រោយពេល​កើតហេតុ​កម្លាំង​នគរបាល​មូលដ្ឋាន និង​កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ ធ្វើ​កោសល្យ​វិ​ច្ច័​យ​ឃើញថា ជនរងគ្រោះ​ពិតជា​បាន​ឆក់​ខ្សែភ្លើង​ស្លាប់​មែន ពីព្រោះ​នៅលើ​ម្រាមដៃ​មាន​ស្នាម​ពង​ខ្លោច ។​
​ក្រោយពេល​ពិនិត្យ និង​ធ្វើ​កោសល្យ​វិ​ច្ច័​យ​រួចរាល់ សព​ជនរងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​បានប្រគល់​ជូន​ក្រុមគ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

bc611f8a-f96e-488c-83a2-c503d5e3c49150de1aaf-9845-4f54-97e2-7954ad38be066d47967f-d458-42e3-8bee-3b3a0f4cb002