ចាប់​ដៃដល់​រំលោភ ​សម្លាប់​ស្ដ្រី​ម្នាក់​នៅ​ស្រុក​កែវ​សី​ម៉ា​បាន​ហើយ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 October, 2016 ក+ ក-

ខេត្តមណ្ឌលគិរី​៖​សមត្ថកិច្ច​នគរបាល​ខេត្តមណ្ឌលគិរី កាលពី​ថ្ងៃទី​០៣ តុលា ២០១៦ បាន​បើក​កិច្ចប្រតិបត្តិការ​ស្រាវជ្រាវ​ក្នុង​រយៈពេល​៣​ថ្ងៃ ក៏​វែកមុខ​ជនដៃដល់​សម្លាប់​ស្ត្រី​ម្នាក់ ចោល​សាកសព​ទាំង​អាក្រាតកាយ​នៅក្នុង​ព្រៃ​ថា ជា​ករណី រំលោភ​ហើយ​សម្លាប់​នោះ​។​
​កម្លាំង​ជំនាញ​ការិយាល័យ​កណ្តាល​នគរបាល​ព្រហ្មទណ្ឌ​ខេត្ត​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​កែវ​សីមា បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ឃាតករ​រំលោភ​ហើយ​សម្លាប់​លើ​ស្ត្រី​ម្នាក់​មាន ឈ្មោះ ក្រែ​ត ស្រីមុំ កាលពី​ថ្ងៃទី​៣០ ខែកញ្ញា និង​បាន​រកឃើញ​សាកសព នៅ​ថ្ងៃទី​០២ តុលា វេលា​ម៉ោង​៤​និង​១០​នាទី​រសៀល នៅ​ភូមិ​អូ​អាម ឃុំ​ស្រែ​ខ្ទម ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី​។​
​ក្រោយពី​មាន​ករណី​រំលោភ​ហើយ​សម្លាប់​នោះ សមត្ថកិច្ច​បានកំណត់​មុខសញ្ញា រហូត​ឈានទៅដល់​ការឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ ទី តី ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​អូរ​អាម ឃុំ​ស្រែ​ខ្ទម ស្រុក​កែវ​សីមា​។ ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​សារភាព​ប្រាប់​សមត្ថកិច្ច​ថា គេ​ពិតជា​បាន​វាយ​សម្លាប់​ស្ត្រីជន​រងគ្រោះ​ឈ្មោះ ក្រែ​ត ស្រីមុំ មែន តែ​មិនបាន​រំលោភ​ទេ​។ ជនសង្ស័យ​សារភាព​ទៀតថា ខោអាវ​ដែល​ជនរងគ្រោះ​ស្រាត និង​សើយ​ឡើងលើ​នោះ​គឺ​ពេល​ប្រវាយប្រតប់​គ្នា​អូស​ទៅ​របូត​។​
​សមត្ថកិច្ច​បាន​បង្ហើប​ថា ជនសង្ស័យ​នៅមាន​ការលាក់លៀម​ច្រើន​ទៀត ចម្លើយ​នេះ​មិនទាន់​យកជាការ​បានទេ ព្រោះ​ខុសពី​អ្វីដែល​កើតឡើង និង​មិន​ស៊ីសង្វាក់​ចំពោះ​វត្ថុតាង​ដែល​បន្សល់​លើ​សាកសព ចម្លើយ​សំ​ហេតុផល ទោះជា​យ៉ាងណា​ជនសង្ស័យ ត្រូវបាន​សមត្ថកិច្ច​ក​សាង​សំណុំរឿង បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្តមណ្ឌលគិរី ចាត់ការ​តាម​នីតិ​វិធិ​៕

untitled-114585538_1771261809779048_1016856317_n