ភ្នំពេញ៖បុរសអ្នកដើរប្រមូលសំរាមតាមផ្ទះម្នាក់ត្រូវរថយន្តដឹកចំណីសត្វមួយគ្រឿងបើកលឿនជែងរថយន្តដឹកសំរាមជ្រុលបុក និងកិនបែកក្បាលស្លាប់នៅនឹងកន្លែងយ៉ាងអាណោចអាធ័ម។ ឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរនោះកើតឡើងកាលពីវេលាម៉ោង១១ និង២០នាទីព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៦ នៅលើកំណាត់ ផ្លូវលេខ១២០K ហៅផ្លូវអូរដឹមកប់ស្រូវ ត្រង់ចំណុចផ្លូវរថភ្លើងខ្សែភ្នំពេញ ខេត្តកំពត ស្ថិតក្នុងភូមិចែង ម៉ែង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
រថយន្ដបង្កម៉ាកហ៊ីយ៉ាន់ដាយ ពណ៌សពាក់ស្លាកលេខកំពង់ស្ពឺ 3A-0809 បើកបរដោយយុវជនម្នាក់ ឈ្មោះ ប៉ាក់ ពេជ្រ អាយុ២៣ឆ្នាំ មុខរបរអ្នកបើកបរ មានទីលំនៅក្នុងភូមិត្រពាំងវែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ (ត្រូវនគរបាលឃាត់ខ្លួន)។ ដោយឡែកយុវជនរងគ្រោះខាងលើឈ្មោះ យ៉េង ង៉េត អាយុ២៣ឆ្នាំ មុខរបរកម្មករ ក្រុមហ៊ុនស៊ីនទ្រីស្នាក់នៅក្នុងក្រុមហ៊ុនប្រមូលសំរាមស៊ិនទ្រី នៅក្នុងភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានដើរតាមរថយន្តដឹកសំរាម ដើម្បី លើកសំរាមតាមមុខផ្ទះប្រជាពលរដ្ឋដាក់នៅក្នុងរថយន្ត ដោយធ្វើដំណើរយឺតៗក្នុងទិសដៅពីជើងទៅត្បូង ខណៈនោះស្រាប់តែរថយន្តបង្កដឹកចំណីសត្វបើកបរក្នុងល្បឿនយ៉ាងលឿន ក្នុងទិសដៅស្របគ្នាទៅដល់ បានជែងរថយន្តដឹកសំរាមពីខាងស្ដាំហើយក៏ជ្រុលទៅបុកជនរងគ្រោះពីក្រោយពេញទំហឹង បណ្ដាលឲ្យដួល ស្លាប់ភកលាមៗតែម្ដង។
ក្រោយពេលកើតហេតុរថយន្តបង្ក បានព្យាយាមបើករត់គេចខ្លួន ប៉ុន្តែត្រូវបានអ្នកបើករថយន្តដឹកសំរាម បើកដេញតាមពីក្រោយបានចម្ងាយ៣ម៉ែត្រទើបទាន់ និងចាប់បានទាំងរថយននតនិងអ្នកបើកបរ រួចបានប្រគល់ទៅឲ្យ នគរបាលការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនាំយកទៅរក្សាទុក និងចាត់ការតាមផ្លូវច្បាប់៕