រាជធានីភ្នំពេញ៖នៅវេលាម៉ោង៦ព្រឹកព្រលឹមថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៦នេះ ក្រុមប្រតិបត្តិការចម្រុះ រួមមាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានសហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានចុះត្រួតពិនិត្យនៅទីតាំងផ្ទះល្វែង (ភោជនីយដ្ឋានភ្នំពេញខេមរា) ស្ថិតនៅផ្លូវលេខ៦១ កែង១០៨ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ដោយបានឃាត់ខ្លួនជនជាតិវៀតណាមចំនួន៨នាក់។
សេចក្តីរាយការណ៍បានឲ្យដឹងថា ប្រតិបត្តិការនេះក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ សុខ ផល និងក្រោមការសម្របសម្រួលពីលោក សៀង សុខ ព្រះអាជ្ញារងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។
ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា បានបញ្ជាក់ថា ពួកគេជាកម្មកសំណង់ជនជាតិវៀតណាម ជួលស្នាក់នៅ បានចំនួន០៨នាក់ មានលិខិតឆ្លងដែន០៣ក្បាល ទិដ្ឋាការទេសចរណ៍ តែមកបំរើការងារខុសទិសដៅ និងគ្មានលិខិតឆ្លងដែនចំនួន០៥នាក់។
សេចក្តីរាយការណ៍ខាងលើបញ្ជាក់ថា សម្រាប់ជនជាតិវៀតណាមទាំងនេះ ត្រូវបានយកទៅសួរនាំបន្តទៀត ដើម្បីចាត់ការតាមនីតិវិធី៕