ដោយ៖ប៉ែន សុផល
បាត់ដំបង៖ជនសង្ស័យម្នាក់ត្រូវបានកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកសំពៅលូនឃាត់ខ្លួនកាលពីវេលាម៉ោង១០ និង០០នាទីថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៦ នៅចំណុចភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបងពីបទរួមភេទជាមួយអនីតិជនក្រោមអាយុ១៥ឆ្នាំបានរហូត១៦លើក និងធ្វើការបញ្ជូនបន្តទៅតុលាការនៅព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៦។
លោក ពេជ្រ សារ៉ែន អធិការនគរបាលស្រុកសំពៅលូនបានបញ្ជាក់ប្រាប់ថា ជនសង្ស័យត្រូវបានឃាត់ខ្លួនមានឈ្មោះ ឃុន រ៉ាឌី ភេទប្រុស អាយុ២៨ឆ្នាំ ជាកសិករស្នាក់នៅភូមិ ត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន។
លោកបន្តថា ការឃាត់ខ្លួនជនសង្ស័យខាងលើនេះយោងទៅតាមពាក្យបណ្តឹងរបស់ឈ្មោះ ង៉ែង យ៉ាត់ ភេទស្រី អាយុ៥០ឆ្នាំជាម្តាយជនរងគ្រោះ និងតាមដីកាលេខ១៣៦ចុះទី០៤ ខែតុលា ឆ្នាំ២០១៦របស់សាលាដំបូងខេត្តតាកែវពីបទឃាតកម្មគឹតទុកជាមុនដែលប្រព្រឹត្តកាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៥ នៅចំណុចភូមិរលួស ឃុំធ្លាប្រជុំ ស្រុកកោះអណ្ដែត ខេត្តតាកែវ។
ចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានរួមភេទជាមួយអនីតិជនអាយុក្រោម១៥ឆ្នាំបាន១៦លើកពិតប្រាកដមែន និងបានកាប់សំលាប់ទៅលើឈ្មោះ ស៊ុក នៅ ខេត្តតាកែវផងដែរ។
បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងកសាងសំណុំរឿងបញ្ជូនទៅតុលាការនៅព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៦ដោយភ្ជាប់ទៅជាមួយ និងដីកាបង្គាប់អោយចាប់ខ្លួន៕
បញ្ជូនជនសង្ស័យម្នាក់ទៅតុលាការពីបទរួមភេទអនីតិជនក្រោមអាយុ១៥ឆ្នាំ