រាជធានីភ្នំពេញ៖យោងតាមរបាយការណ៍គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ខែកញ្ញា ឆ្នាំ២០១៦ បានកើតឡើងចំនួន ២៧៥លើក បណ្តាលឲ្យស្លាប់ចំនួន ១៣៣នាក់ និងរបួស ៤៣៥នាក់ ភាគច្រើនកើតឡើងនៅ រាជធានីភ្នំពេញ ចំនួន ២៨លើក ខេត្តកំពត ចំនួន ២៤លើក និងខេត្តព្រះសីហនុ ចំនួន ២០លើក។ ចំនួនជនរងគ្រោះជាមធ្យមក្នុងថ្ងៃស្លាប់ចំនួន ៤,៤៣នាក់ និងរបួសចំនួន ១៤,៥នាក់។
មូលហេតុការបើកបរលើសល្បឿនកំណត់ ៤២% មិនប្រកាន់ស្តាំ ១៤% មិនគោរពសិទ្ធអាទិភាព ១១% វ៉ាជែង ១១% បត់ ៨% កត្តាយានយន្ត ៣% កត្តាផ្លូវ ១% និងងងុយ ១%។ ប្រៀបធៀបនឹងខែកញ្ញា (ឆ្នាំមុន) ឆ្នាំ២០១៥ គ្រោះថ្នាក់ថយចំនួន ១៩លើក ស្មើ ៧% ស្លាប់ថយចំនួន ១៨នាក់ ស្មើ ១៣% និងអ្នករបួសថយចំនួន ៩១នាក់ ស្មើ ២១%។
ប្រៀបធៀបនឹងខែសីហា (ឆ្នាំមុន) ឆ្នាំ២០១៦ គ្រោះថ្នាក់ថយចុះចំនួន ១៥លើក ស្មើ ៥% ស្លាប់កើនចំនួន ៣នាក់ ស្មើ ២% និងអ្នករបួសថយចំនួន ៦០នាក់ ស្មើ ១៤%។ ដោយឡែកគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកក្នុងឱកាសបុណ្យភ្ជុំបិណ្ឌរយៈពេល៥ថ្ងៃ (ពីថ្ងៃទី២៨ ខែកញ្ញា ដល់ថ្ងៃទី២ ខែតុលា) ប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០១៥ មានចំនួន ៧៥លើក ថយចំនួន ៣៤លើក ស្មើ ៤៥% ស្លាប់ចំនួន ២៨នាក់ ថយចំនួន ១៧នាក់ ស្មើ ៦០% និងរបួសចំនួន ១៤៩នាក់ ថយចំនួន ៦៩នាក់ ស្មើ ៤៦%៕