យឹម សុវណ្ណ​៖​ការធ្វើ​ពហិការ​មិន​ចូលប្រជុំ​ព្រោះ​មានការ​គំរាមកំហែង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 7 October, 2016 ក+ ក-

រាជធានី​ភ្នំពេញ​៖​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ ដែល​ថ្លែង​នៅ​ប៉ុន្មាន​នាទី​មុននេះ ក្នុង​សន្និសីទកាសែត​នៅ​ទីស្នាក់ការ​កណ្តាល​គណបក្ស​សង្គ្រោះ​ជាតិ ស្ថិតនៅ​សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ បាន​អះអាងថា មូល​ហេតុដែល​ក្រុមតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​បន្តធ្វើ​ពហិការ​មិន​ចូលប្រជុំ​រដ្ឋសភា ដោយសារ​គណបក្ស​សង្គ្រោះ​ជាតិ​ទទួលបាន​ព័ត៌មាន​ពី​មជ្ឈដ្ឋាន​នានា​ថា មានការ​គំរាមកំហែង​មកលើ​ក្រុមតំណាងរាស្ត្រ​ខ្លួន ប៉ុន្តែ​លោក​មិនបាន​បញ្ជាក់​អំពី​ការគំរាមកំហែង​នោះទេ​។

លោក យឹម សុវណ្ណ បាន​ថ្លែងថា បើ​ចង់​ឲ្យ​ដំណើរការ​បោះឆ្នោត ប្រព្រឹត្ត​ក្នុង​បរិ​យា​ល្អ​លុះត្រា តែ​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា សំអាត​បរិយាកាស នយោបាយ​ជាមុន ។ ការបោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​ទាល់តែ​ភាគី​ទាំងពីរ​រួមគ្នា​សំអាត​បរិយាកាស​នយោបាយ​។​ហើយ​ភាគី​ម្ខាង​ទៀត​បង្ហាញ​ឆន្ទៈ​មិន​ចូលរួម​ដោះស្រាយ យើងខ្ញុំ​ក៏​មិនអាច​ធ្វើ​បានដែរ ។​

​លោក យឹម សុវណ្ណ បាន​បញ្ជាក់ថា យើង​ទទួលបាន​ព័ត៌មាន​ចុងក្រោយ គឺថា មានការ​គំរាមកំហែង​មកលើ​ក្រុម​អ្នកតំណាងរាស្ត្រ និង​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ខណដែល​យើង​បានធ្វើការ​ប្រមែប្រមូល​ព័ត៌មាន កាលពី​ព្រឹក​មិញ ។ បន្ទាប់មក​យើង​ធ្វើការ​ជួបជុំគ្នា​និង​សម្រេចចិត្ត​រួមគ្នា​ថា តំណាងរាស្ត្រ CNRP មិនត្រូវ​ទៅ​ចូលរួម​ប្រជុំ​សភា​ព្រឹក​នេះ​ទេ ៕

ea63d2c9-1470-44d3-92d1-c1e9d4d7087c