សម្តេច​តេ​ជោ ហ៊ុន សែន​៖ សភា​មិនមែនជា​ចំណាប់ខ្មាំង​របស់​ក្រុម​ណា​ទេ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 7 October, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​សម្តេច​តេ​ជោ ហ៊ុន សែន បាន​សរសេរ​សារ​បង្ហោះ​នៅលើ Facebook របស់​សម្តេច​ថា នៅមុននេះ​បន្តិច​ថា ពេលនេះ រដ្ឋសភា​ដំណើរការ​អនុម័ត​ច្បាប់ ជាធម្មតា​ហើយ​រដ្ឋសភា​មិនមែន ជា​ចំណាប់ខ្មាំង​របស់​ក្រុម​ណា​ទេ​។ សម្តេច​បាន​លើកឡើងថា «​ទោះ​មាន់​មិន​រងាវ ក៏​ព្រះអាទិត្យ​រះ​ដែរ​»​។​
​សម្តេច ហ៊ុន សែន សរសេរថា ពេលនេះ​កំពុង​ប្រជុំ​រដ្ឋសភា ដែលជា​ដំណើការ​ធម្មតា​នៃ​អង្គនីតិបញ្ញតិ​។ ដោយ​របៀប​វា​រះ​ច្រើន​ថ្ងៃនេះ ច្បាស់​ជា​បាយ​ថ្ងៃត្រង់​នៅ​រដ្ឋសភា​ទៀតហើយ ហើយ​ការប្រជុំ​ច្បាស់​ជា​អូសបន្លាយ​រហូតដល់​ពេល​ល្ងាច​។ ទោះ​មាន់​មិន​រងាវ ក៏​ព្រះអាទិត្យ​នៅ​រះ​ដដែល​ព្រោះ​មិនមែនជា​ចំណាប់ខ្មាំង​របស់​ក្រុម​ណាមួយ​នោះទេ ។​
​សារ​របស់​សម្តេច ហ៊ុន សែន គឺជា​ការឆ្លើយតប​ភ្លាមៗ ចំពោះ​ការបន្ត​ធ្វើពហិកា​មិន​ចូលប្រជុំ​សភា​របស់​ក្រុម​អ្នកតំណាងរាស្ត្រ CNRP ដែល​សភា​បាន​ដំណើរការ​ប្រជុំ​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ ។​
​សូម​ជំរាប​ថា នៅ​ព្រឹក​ថ្ងៃទី​០៧ ខែតុលា ឆ្នាំ​២០១៦​នេះ រដ្ឋសភា​បាន​បើក​សម័យប្រជុំ​ពេញអង្គ​លើក​ទី​៧ សម្រាប់​នីតិកាល​ទី​៥​នេះ ដោយមាន​របៀបវារៈ​ចំនួន​៨ នឹងត្រូវ​ពិភាក្សា​និង​អនុម័ត​។ ប៉ុន្តែ​បក្សប្រឆាំង ដែល​បាន​ត្រៀមខ្លួន​រួចជាស្រេច ដើម្បី​ចូល​សភា​នោះ បាន​ផ្លាស់ប្តូរ​ជំហរ​របស់​ខ្លួនឯង​វិញ៕

fn-2016-10-07-10-50-06-0