ខេត្តបន្ទាយមានជ័យ៖យុវជនម្នាក់ដែលជាជនជាតិខ្មែរ រស់នៅខេត្តបន្ទាយមានជ័យ ត្រូវបានក្រុមតម្រួតថៃធ្វើការចាប់ខ្លួន នៅក្នុងទឹកដីថៃ ខណៈកំពុងធ្វើសកម្មភាពដឹកនាំគ្រឿងញៀនរាប់ម៉ឺនគ្រាប់ ឆ្លងដែនពីប្រទេសកម្ពុជា ចូលទៅក្នុងទឹកដីថៃ។
កិច្ចប្រតិបត្តិការធ្វើឡើងកាលពីថ្ងៃទី៨ ខែតុលាឆ្នាំ២០១៦ វេលាម៉ោង៤ល្ងាច តាមបណ្តោយខ្សែបន្ទាប់ព្រំដែនក្នុងទឹកដីថៃ ប្រមាណជា ១០ គីឡូម៉ែត្រ ពីខ្សែបន្ទាត់ព្រំដែន នៅលើកំណាត់ផ្លូវកែវភិតផ្លយ ស្ថិតក្នុងភូមិ៦ឃុំខូកឡាន ស្រុកតាផាយ៉ា ខេត្តស្រះកែវ ប្រទេសថៃ ខណៈដែលកំលាំងតម្រួតកំពុងល្បាតតាមដងផ្លូវ។
សមត្ថកិច្ចបានរកឃើញគ្រឿងញៀនប្រភេទយ៉ាម៉ាចំនួន៤សុង ដែលក្នុង១សុង មានគ្រឿងញៀន៥ដុំ ហើយក្នុង១ដុំ មានថ្នាំញៀនចំនួន១០ កញ្ចប់ព៌ណខៀវ និងក្នុង១កញ្ចប់ មានថ្នាំញៀន ចំនួន២០០ គ្រាប់ សរុបចំនួន ៤០ ០០០ គ្រាប់ ទូរស័ព្ទដៃ១គ្រឿង និងម៉ូតូម៉ាកវេវ ១គ្រឿងផងដែរ ។
ជនសង្ស័យដែលជាមុខសញ្ញាដឹកនាំគ្រឿងញៀនឆ្លងដែនខុសច្បាប់មានឈ្មោះ កៅ ហេង ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅក្បែចំណុចអូរ៣ជាន់ ក្នុងខេត្តបន្ទាយមានជ័យ។
ជនសង្ស័យបានសារភាពថា ថ្នាំញៀនទាំងអស់នេះគឺគេបានទទួលពីជនជាតិខ្មែរម្នាក់ដែលគេមិនបានស្គាល់ឈ្មោះ ដោយគេបានកំណត់អោយយកមកប្រគល់អោយជនជាតិថៃដែលគេនៅចាំទទួលក្បែរចំណុចខាងលើ ដោយទទួលបានប្រាក់កម្រៃ ចំនួន៥០ ០០០ បាត។
បច្ចុប្បន្នសមត្ថកិច្ចថៃបានបញ្ជូនខ្លួនជនសង្ស័យខាងលើ រួមទាំងវត្ថុតាងដ៏ច្រើនសន្ធឹកសន្ធាប់នេះទៅកាន់ស្នងការដ្ឋាន ខេត្តស្រះកែវ ហើយដើម្បីចាត់វិធានការតាមផ្លូវច្បាប់៕
ជនជាតិខ្មែរម្នាក់ត្រូវតម្រួតថៃចាប់ខ្លួនករណីចរាចរគ្រឿងញៀន