​កោះហៅ​មេ​ជលផល​ខេត្តកណ្តាល​ចូល​បំភ្លឺរឿង​រំលោភ​លើ​សេចក្តីទុកចិត្ត​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 October, 2016 ក+ ក-

​ខេត្តកណ្តាល​៖​លោក វិត ធា​រិ​ទ្ធ ប្រធាន​រដ្ឋបាល​ជលផល​ខេត្តកណ្តាល ត្រូវបាន​តុលាការ​កោះហៅ​ឲ្យ​ចូលខ្លួន​ទៅ​បំភ្លឺ​នៅ​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០១៦ ពាក់ព័ន្ធ​ករណី​សំណុំរឿង​រំលោភ​លើ​សេចក្តីទុកចិត្ត ដែល​ប្រព្រឹត្ត​នៅក្នុង​ភូមិ​ព្រែក​ខ្សេវ ឃុំរ​ការ​ខ្ពស់ ស្រុក​ស្អាង ខេត្តកណ្តាល​។​
​គួរ​បញ្ជាក់ថា លោក វិត ធា​រិ​ទ្ធ ធ្លាប់​មានទំនាស​ដីធ្លី​ជាមួយ​ប្រជាពលរដ្ឋ​នៅ​ភូមិ​ព្រែក​ខ្សេវ ឃុំរ​ការ​ខ្ពស់ ស្រុក​ស្អាង ខេត្តកណ្តាល រហូតដល់​អាជ្ញាធរ​បង្កើត​គណៈកម្មកា​រ​ចម្រុះ​ចុះទៅពិនិត្យ​ដី​ទំនាស់​នេះ​កាលពី​រសៀល​ថ្ងៃទី​១​ខែតុលា ឆ្នាំ​២០១៦ នៅ​ចំណុច​បឹង​អួ​ក ឃុំរ​ការ​ខ្ពស់ ស្រុក​ស្អាង ខេត្តកណ្តាល​។​
​ពាក់ព័ន្ធ​ករណីនេះ កាលពីពេល​កន្លងទៅ ប្រជាពលរដ្ឋ​ចំនួន​៣​ឃុំ គឺ​ឃុំ​ស្អាង​ភ្នំ ឃុំ​ព្រែក​គយ និង​ឃុំ​រការ​ខ្ពស់ បាន​លើកគ្នា​ទៅ​តវ៉ា​នៅ​បរិវេណ​បឹង​អួ​កដោយ​និយាយថា លោក វិត ធា​រិ​ទ្ធ បាន​រំលោភ​យក​ដី​បឹង​ធម្មជាតិ ដែលជា​បឹង​បុរាណ​របស់​ពួកគាត់​ធ្លាប់ប្រើ​ប្រាស់ តាំងពីដើម​មក​ជំនាន់​ដូនតា​របស់​ពួកគាត់​ជា​លក្ខណៈ​គ្រួសារ ក្នុងការ​ប្រកប​របរ​នេសាទ ទាញយក​ទឹក​ស្រោចស្រព​ស្រូវប្រាំង ឬ​ផលដំណាំ​នានា​នៅ​រដូវប្រាំង​កាប់​អុស​ជាដើម​។​
​ពលរដ្ឋ​បាន​ចោទ​លោក វិត ធា​រិ​ទ្ធ បាន​ទន្ទ្រាន​ពង្រីក​កសិដ្ឋាន​ចិញ្ចឹម​ត្រី​បន្តិច​ម្តងៗ ធ្វើ​ឲ្យ​ដី​បឹង​រួម​តូចៗ​ទៅ ពី​ជាង​១០​ហិកតា​មក​នៅ​ប្រហែលជា​៧​ទៅ​៨​ហិកតា​ប៉ុណ្ណោះ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ទេ នៅ​រដូវប្រាំង​ក៏​ដូច​រដូវវស្សា​ដែរ បឹង​នេះ​គោក​មិន​មានទឹក​ប្រើប្រាស់​នោះទេ ព្រោះតែ​លោក វិត ធា​រិ​ទ្ធិ បាន​លើក​ទំនប់​បិត​ផ្លូវទឹក​ចូល​រួច​ផងដែរ​។​
​មន្ត្រី​សាលាស្រុក​ស្អាង​បាន​ប្រាប់ថា ទំនាស់​រវាង​លោក វិត ធា​រិ​ទ្ធ និង​ប្រជាពលរដ្ឋ ទាក់ទង​ដីធ្លី​កើតមាន​យូរហើយ ហើយ​មិនទាន់​ដោះស្រាយ​ឲ្យ​បាន​ចប់សព្វគ្រប់​នៅឡើយ ព្រោះតែ​លោក វិត ធា​រិ​ទ្ធ បាន​អះអាងថា ដី​ទាំងនោះ​លោក​បាន​ទិញ​ពី​ប្រជាពលរដ្ឋ ខណដែល​ប្រជាពលរដ្ឋ​ចោទថា បាន​រំលោភ​យក​ដី​រដ្ឋ​នាំ​ឲ្យ​ប៉ះពាល់​ដល់​ប្រយោជន៍​ប្រជាពលរដ្ឋ ៕

fn-2016-10-06-16-03-43-1