ខេត្តព្រៃវែង៖ស្នងការនគរបាលខេត្តព្រៃវែងលោកឧត្តមសេនីយ៍ត្រី ស្រេង ជា បានបញ្ជាក់នៅព្រឹកនេះថា ឃាតករដែលសម្លាប់២នាក់ប្តីប្រពន្ធ នៅកណ្តាលវាលស្រែក្នុងស្រុកកញ្ជ្រៀចត្រូវបាននគរបាលចាប់ខ្លួនបានហើយ ដោយមូលហេតុផ្តើមចេញពីជនរងគ្រោះជាប្តីមើលងាយខ្លួនពេលផឹកស៊ីជាមួយគ្នាម្តងៗ។
លោកឧត្តមសេនីយ៍បានបញ្ជាក់ថា ជនសង្ស័យឈ្មោះ ឆាយ ហេងហៅតឹង តាមចម្លើយឆ្លើយសារភាព នៅយប់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៦ វេលាម៉ោង៩យប់ ស្ថិតនៅចំណុចកើតហេតុនោះ ខ្លួនពិតជាបានសម្លាប់អ្នកទាំងពីរនាក់ប្តីប្រពន្ធពិតប្រាកដមែន។
គួរបញ្ជាក់ថា អំពើឃាតកម្មនេះ បង្កឲ្យមានការភ្ញាក់ផ្អើល នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៦ នៅចំណុចវាលស្រែខាងលិច ភូមិព្រៃផ្តៅ ឃុំកញ្ជ្រៀច ស្រុកកញ្ជ្រៀច ចំងាយ៨៥០ម៉ែត្រ ខាងលិចផ្ទះជនរងគ្រោះ គ្រាដែលជនរងគ្រោះទាំង២នាក់ ចេញទៅរកខ្យងនៅវាលស្រែ ម៉ោងប្រហែល៩ និង០០យប់៕