រាជធានីភ្នំពេញ៖នៅព្រឹកព្រលឹម ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦នេះកម្លាំងនគរបាលនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី សហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមការសម្រួលពី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោក សៀង សុខ បានបើកប្រតិបត្តិការត្រួតពិនិត្យជនជាតិវៀតណាមចំនួន៧នាក់ ដែលបានចូលមករស់នៅ និងធ្វើការខុសច្បាប់ ស្ថិតក្នុងភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។
ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា បានឲ្យដឹងថា ក្នុងប្រតិបត្តិការនេះ កម្លាំងនគរបាលជំនាញ បានរកឃើញជនជាតិវៀតណាម៧នាក់ ក្នុងនោះស្រី៣នាក់ដែលគ្មានឯកសារ គ្មានលិខិតឆ្លងដែន ហើយមកលួចរស់នៅ និងធ្វើការខុសច្បាប់។
លោកឧត្តមសេនីយ៍បញ្ជាក់ថា ក្រោយឃាត់ខ្លួនជនជាតិវៀតណាមទាំង៧នាក់ ត្រូវបានបញ្ជូនទៅអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ដើម្បីចាត់តាមនីតិវិធី៕