ក្មេងប្រុសជាង​១​ខួបម្នាក់ធ្លាក់រណ្តៅលង់ទឹកស្លាប់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 12 October, 2016 ក+ ក-

ខេត្ត​ឧ​ត្ត​រ​មានជ័យ​៖​ក្មេងប្រុស​អាយុ​ជាង​១​ខួប​ម្នាក់​បាន​ធ្លាក់​រណ្ដៅ​ក្បែរ​ផ្ទះ​បណ្ដាល​ឲ្យ​ស្លាប់​យ៉ាង​អាណោចអាធ័ម ខណៈដែល​ឪពុកម្តាយ​រវល់​ធ្វើ​កិច្ចការ​នៅ​រោង​សិប្បកម្ម​គ្រឿង​សង្ហា​រឹម​ដោយ​បណ្ដោយ​ឲ្យ​កូនៗ​រត់​លេង​។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​ព្រឹក​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០១៦ នៅ​ភូមិ​អូរ​ស្រឡៅ ឃុំ​ថ្លា​ត ស្រុក​អន្លង់វែង ។​
​ក្មេងប្រុស​រងគ្រោះ​ឈ្មោះ ម៉េង ហ៊ុន អាយុ​ជាង​១​ខួប ឪពុក​ឈ្មោះ ពុន ឈាង អាយុ​៣៤​ឆ្នាំ ម្តាយ​ឈ្មោះ នួន ផាត អាយុ​២៥​ឆ្នាំ មានកូន​ប្រុស​២​នាក់ មុខរបរ​ធ្វើ​សិប្បកម្ម​គ្រឿង​សង្ហា​រឹម និង​ធ្វើ​ស្រែចំការ រស់នៅ​ក្នុងភូមិ​-​ឃុំ​កើតហេតុ​ខាងលើ ។​
​ឪពុកម្តាយ​ក្មេងប្រុស​រងគ្រោះ​បាន​រៀបរាប់​ឱ្យដឹងថា មុនពេល​កើតហេតុ រូបគាត់​ទាំង​២​នាក់​ប្តី​ប្រពន្ធ​កំពុងតែ​ជាប់រវល់​ធ្វើ​ការងារ​នៅក្នុង​រោង​សិប្បកម្ម ហើយ​បាន​បណ្តោយឱ្យ​កូនៗ​ទាំង​២​នាក់​បងប្អូន​រត់​លេង​នៅក្បែ​ផ្ទះ ស្រាប់តែ​ឃើញ​កូនច្បង​ដែលមាន​អាយុ​៣​ឆ្នាំ​នៅក្នុង​ផ្ទះ ហើយ​រូបគាត់​បាន​សួរ​កូនច្បង​ថា តើ​ប្អូន​ទៅណា​ហើយ កូនច្បង​ថា​មិនដឹង​ទេ ក្រោយមក​រូបគាត់​ទាំង​២​នាក់​ប្តី​ប្រពន្ធ​បាន​ដើររក​គ្រប់ទិសទី​នៅ​មិនឃើញ​សោះ ក៏​ចុះ​រាវ​នៅក្នុង​រណ្ដៅ​ក្បែ​ផ្ទះ​ទើប​ជួបប្រទះ តែ​ហួសពេល​ទៅហើយ ព្រោះ​កូន​បាន​ស្លាប់បាត់​បង់ជីវិត​យ៉ាង​អាណោចអាធ័ម​បាត់ទៅហើយ ។​
​ក្រោយពេល​កើតហេតុ រូបគាត់​បាន​រាយការណ៍​ដល់​សមត្ថកិច្ច​ឱ្យ​ចុះមក​ធ្វើការ​ពិនិត្យ និង​កោសល្យ​វិ​ច្ច័​យ ហើយ​សមត្ថកិច្ច​បានប្រគល់​សព​កូន​ឲ្យ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

978b9190-a794-448c-9d0b-8ab36edd686f