រាជធានីភ្នំពេញ៖ប្រធានាធិបតីចិន ស៊ី ជីនភីង នឹងមកដល់ទឹកដីកម្ពុជា នាវេលាម៉ោង១២៖៣០នាទីថ្ងៃត្រង់ នេះក្នុងដំណើរទស្សនកិច្ចផ្លូវការរយៈពេល២ថ្ងៃនៅកម្ពុជា នាថ្ងៃទី១៣-១៤ ខែតុលា ឆ្នាំ២០១៦។
មន្ត្រីរាជរដ្ឋាភិបាលបញ្ជាក់ថា ក្នុងដំណើរបំពេញទស្សនកិច្ចនេះ រាជរដ្ឋាភិបាលកម្ពុជា-ចិន នឹងចុះកិច្ចព្រមព្រៀង និងពិធីសារសំខាន់ៗយ៉ាងតិចចំនួន២៨។ នេះគឺជាគម្រោងទស្សនកិច្ចជាផ្លូវរដ្ឋលើកដំបូងសម្រាប់ លោក ស៊ី ជីនភីង ក្នុងនាមលោកជាប្រធានាធិបតីចិន។
សូមអាននូវប្រវត្តិសង្ខេបរបស់លោក ស៊ី ជីនភីង ៖
ឯកឧត្តម ស៊ី ជីនភីង (Xi Jinping) ត្រូវបានជ្រើសតាំងជាអគ្គមគ្គុទ្ទេស ក៍កំពូលរបស់ប្រទេសចិន កាលពីថ្ងៃទី១៥ខែវិច្ឆិកា ឆ្នាំ២០១២ ។ កាលនោះ ឯកឧត្តម ស៊ី ជីនភីង (Xi Jinping) ដែលមានវ័យ៥៩ឆ្នាំ ត្រូវបានជ្រើសតាំងជាអគ្គលេខាធិការ មជ្ឈិមបក្សកុម្មុយនិស្តចិន នៅក្នុងសន្និសីទពេញអង្គលើកទី១ នៃសមាជបក្សកុម្មុយនិស្តចិន លើកទី១៨ ហើយឯកឧត្តមក៏បាន កាន់មុខតំណែងជាប្រធានគណៈកម្មាធិការ យោធានៃគណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនិស្តចិនផងដែរ ។
នៅខែមីនាឆ្នាំ២០១៣ ឯកឧត្តមត្រូវបានជ្រើសតាំង ជាប្រធានរដ្ឋនៃសាធារណរដ្ឋ ប្រជាមានិតចិននិង ជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមរបស់ ប្រទេសចិននៅក្នុងសន្និសីទ លើកទី១នៃសភាតំណាង ប្រជាជនចិនទូទាំងប្រទេសនីតិកាលទី១២ ។
ជីវិតក្រលំបាកក្នុងយុវ័យ
ឯកឧត្តម ស៊ី ជីនភី (Xi Jinping)កើតនៅខែមិថុនា ឆ្នាំ១៩៥៣ នៅស្រុក Fuping ខេត្ត Shanxi ភាគកណ្តាលប្រទេសចិន ។ ឪពុករបស់ឯកឧត្តមឈ្មោះ Xi Zhongxun។ លោក Xi Zhongxun ជាអ្នកនយោបាយជាន់ខ្ពស់ របស់បក្សកុម្មុយនិស្តចិន ធ្លាប់កាន់មុខតំណែងជាឧបនាយករដ្ឋមន្ត្រីចិន ។ លោក Xi Zhongxun បានរងភាពអយុត្តិធម៌អស់រយៈពេល១៦ឆ្នាំ ចាប់ពីឆ្នាំ១៩៦២ ។ ឯកឧត្តម ស៊ី ជីនភីង (Xi Jinping) ធ្លាប់ត្រូវបានគេប្រមាថមើល ងាយនិងរើសអើងដោយសាររឿង អយុត្តិធម៌របស់ឪពុកឯកឧត្តម ហើយឯកឧត្តមក៏ធ្លាប់ ត្រូវបានគេរិះគន់ជាសាធារណៈ ធ្លាប់រងភាពអត់ឃ្លាន ធ្លាប់ជាមនុស្សដើរអនាថា រហូតដល់ធ្លាប់ត្រូវចាប់ ឃុំទៀតផង ។
នៅដើមឆ្នាំ១៩៦៩ ឯកឧត្តម ស៊ី ជីនភីង (Xi Jinping) ដែលមានវ័យមិនទាន់គ្រប់១៦ឆ្នាំផង បានផ្លាស់ប្តូរទីលំនៅទៅកាន់ តំបន់ជនបទនៃភាគខាងជើងខេត្ត Shanxi និងធ្វើកសិកម្មនៅទីនោះ ។ ឯកឧត្តមបានធ្វើស្រែចម្ការ អូសធ្យូងថ្ម វាយទំនប់ រែកលាមក ពោលគឺការងារអ្វីក៏ដោយក៏ ឯកឧត្តមធ្លាប់ធ្វើ ការលំបាកអ្វីក៏ ឯកឧត្តមធ្លាប់ជួបប្រទះដែរ ។ នាឆ្នាំ១៩៧៥ ឯកឧត្តមត្រូវបានជ្រើសរើស ឱ្យទៅបន្តការសិក្សានៅសកលវិទ្យាល័យ ឈីងហួ ។ នៅថ្ងៃចាកចេញ អ្នកភូមិបាននាំគ្នា ឈរអមតាមផ្លូវដើម្បី ជូនដំណើរឯកឧត្តម ។
ការរស់នៅតំបន់ ជនបទរយៈពេល៧ឆ្នាំ មិនត្រឹមតែបានញ៉ាំងឱ្យឯកឧត្តម ស៊ី ជីនភីង បង្កើតនូវចំណងមិត្តភាព យ៉ាងជ្រាលជ្រៅជាមួយ ប្រជាជនក្នុងតំបន់នោះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានធ្វើឱ្យឯកឧត្តម យល់ដឹងកាន់តែស៊ីជម្រៅអំពី តំបន់ជនបទរបស់ប្រទេសចិន និងស្ថានភាពពិតប្រាកដនៅតាមមូលដ្ឋាន របស់ប្រទេសចិនទៀតផង ដែលចំណុចទាំងអស់នេះហើយ បានរួមបញ្ចូលយ៉ាងស៊ីជម្រៅទៅក្នុង ការស្វែងរកនៃឆាកជីវិត របស់ឯកឧត្តម ហើយការធ្វើការងារជាក់ស្តែង ដើម្បីប្រជាជនបានក្លាយជាគោលដៅ ដ៏មុតមាំរបស់ឯកឧត្តម ។
មាគ៌ាចូលបម្រើនយោបាយ
នាឆ្នាំ១៩៧៩ ក្រោយពីបញ្ចប់ការសិក្សា នៅសកលវិទ្យាល័យឈីងហួ ឯកឧត្តម ស៊ី ជីនភីង (Xi Jinping) បានចូលបំពេញការងារជាលេខាធិការ នៅខុទ្ទកាល័យនៃក្រុមប្រឹក្សា កិច្ចការរដ្ឋនិងខុទ្ទកាល័យនៃគណៈកម្មាធិការ យោធាមជ្ឈិម ។ ចាប់ពីឆ្នាំ១៩៨២មក ជាបន្តបន្ទាប់ ឯកឧត្តម ស៊ី ជិនភីង (Xi Jinping) បានកាន់មុខតំណែងជា លេខាធិការនៃគណៈកម្មការ បក្សស្រុកZhengding ខេត្ត Hebei, អភិបាលរងក្រុង Xiamen ខេត្ត Fujian, លេខាធិការនៃគណៈកម្មការ បក្សក្រុង Ningde ខេត្តFujian, លេខាធិការនៃគណៈកម្មការ បក្សក្រុង Fuzhouខេត្តFujian, លេខាធិការនៃគណៈកម្មការបក្សខេត្ត Fujian, អភិបាលខេត្ត Fujian, លេខាធិការនៃគណៈកម្មការ បក្សខេត្ត Zhejiang, លេខាធិការនៃគណៈកម្មការ ក្រុងShanghai, សមាជិកអចិន្ត្រៃយ៍នៃការិយាល័យ នយោបាយមជ្ឈិម, លេខាធិការនៃលេខាធិការដ្ឋាន មជ្ឈិម, អនុប្រធានរដ្ឋចិន និងជាអនុប្រធានគណៈកម្មាធិការ យោធានៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្ត ចិនជាដើម រហូតដល់កាន់មុខតំណែង ជាអគ្គមគ្គុទ្ទេសក៍កំពូលរបស់ ប្រទេសចិន ។
ចាប់ពីខេត្តShanxiរហូតដល់ក្រុងប៉េកាំង ពីខេត្តHebeiរហូតដល់ខេត្ត Fujian ពីខេត្តZhejiang រហូតដល់ក្រុងShanghai ពីតំបន់ក្រីក្រនៅភាគខាងលិចរហូតដល់ មជ្ឈមណ្ឌលនយោបាយនិងវប្បធម៌ជាតិ ពីតំបន់មិនសូវអភិវឌ្ឍន៍ នៅភាគខាងកើតដល់តំបន់រីកចម្រើន តាមឆ្នេរសមុទ្រ ឯកឧត្តម ស៊ី ជីនភីង (Xi Jinping) បានកាន់តួនាទីនយោបាយ តាមភូមិ ស្រុក ក្រុង ខេត្ត និងកាន់មុខតំណែងសំខាន់ៗ នៃនយោបាយបក្សនិងយោធាមជ្ឈិម ។ ក្នុងអំឡុងពេលនោះ ឯកឧត្តម ស៊ី ជីនភីង (Xi Jinping) បានឆ្លៀតពេលបន្តវិជ្ជានៅថ្នាក់ អនុបណ្ឌិតនៅវិទ្យាស្ថាននរសាស្ត្រនិង សង្គមសាស្ត្រនៃសកលវិទ្យាល័យឈីងហួ ពីឆ្នាំ១៩៩៨ ដល់២០០២ រហូតបានទទួលសញ្ញាបត្រថ្នាក់ បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកច្បាប់ ។
ឯកឧត្តម ស៊ី ជីនភីង (Xi Jinping) តែងនិយាយថា ពេលកាន់មុខតំណែងមួយ នៅតំបន់មួយ ត្រូវតែផ្តល់សុភមង្គលដល់តំបន់នោះ ត្រូវស្រឡាញ់ប្រជាជនដូចជា ស្រឡាញ់ឪពុកម្តាយរបស់ខ្លួន ។ ជានិច្ចកាល ឯកឧត្តមបានចាត់ទុកក្តីសុបិន របស់ប្រជាជនជាក្តីសុបិនរបស់ខ្លួន ។ ឯកឧត្តម បានថ្លែងថា ការរំពឹងចង់បានជីវភាព រស់នៅដ៏ល្អប្រសើររបស់ប្រជាជនគឺជា គោលដៅខិតខំប្រឹងប្រែងរបស់យើង ។ ឯកឧត្តមបានគូសបញ្ជាក់ថា កម្មាភិបាលនិងអ្នកដឹកនាំត្រូវតែបំពេញការងារជាក់ស្តែង និងដើរនៅជួរមុខ ។
ពេលកាន់មុខតំណែងនៅស្រុក Zhengding ឯកឧត្តមបានចុះទៅត្រួតពិនិត្យ នៅគ្រប់ភូមិទាំងអស់ នៅតំបន់Ningde ឯកឧត្តមបានទៅដល់ភូមិស្រុក ស្ទើរទាំងអស់ បន្ទាប់ពីកាន់មុខតំណែង នៅខេត្ត Zhejiang ឯកឧត្តមបានទៅកាន់គ្រប់ស្រុក និងក្រុងចំនួន៩០ នៃខេត្តទាំងមូល ។
បើទោះបីជាកាន់មុខតំណែងនៅក្រុង Shanghai ត្រឹមតែរយៈពេល៧ខែប៉ុណ្ណោះក្តី ក៏ឯកឧត្តមបានធ្វើដំណើរទៅកាន់ខណ្ឌទាំង១៩ នៃក្រុងShanghaiទាំងមូលផងដែរ ។ បន្ទាប់ពីចូលបំពេញការងារ នៅមជ្ឈិម ឯកឧត្តម ស៊ី ជីនភីង (Xi Jinping) បានធ្វើដំណើរទៅកាន់ខេត្ត ភូមិភាគស្វយ័តនិងទីក្រុងចំនួន៣១ ។ ឯកឧត្តម ស៊ី ជីនភីង (Xi Jinping) បានគូសបញ្ជាក់ថាក្នុងពេលបំពេញការងារ នៅស្ថាប័នបក្សនិងនយោបាយ គឺគប្បីចាត់ទុកការផ្តល់ភាព ងាយស្រួលដល់ប្រជាជនជារឿងសំខាន់ ជាងគេ ដើម្បីធ្វើជារដ្ឋាភិបាលដែលបម្រើប្រជាជន ។ ឯកឧត្តម ស៊ី ជីនភីង (Xi Jinping) បានកត់សម្គាល់ឃើញថា ក្នុងនាមជាអ្នកដឹកនាំ ត្រូវតែឈរលើមូលដ្ឋាននៃបច្ចុប្បន្នភាព ហើយក៏ត្រូវតែមានចក្ខុវិស័យវែងឆ្ងាយផងដែរ ។ ដូច្នេះហើយបានជាក្នុងក្រសែភ្នែករបស់កម្មាភិបាល និងមហាជនជាច្រើន ឯកឧត្តម ស៊ី ជីនភីង (Xi Jinping) ជាអ្នកដឹកនាំមួយរូបដែលមានស្មារតីកំណែទម្រង់ ដែលប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងមានភាពច្នៃប្រឌិតថ្មី ។
បន្ទាប់ពីឯកឧត្តម ស៊ី ជីនភីង (Xi Jinping) ឡើងកាន់មុខតំណែង ប្រទេសចិនបានចាប់ផ្តើមនូវដំណើរថ្មី នៃការធ្វើកំណែទម្រង់ដោយស៊ីជម្រៅ និងបើកចំហដោយគ្រប់ ជ្រុងជ្រោយ ។ បច្ចុប្បន្ន កំណែទម្រង់របស់ប្រទេសចិន បានឈានចូលដល់ដំណាក់កាលពុះពារ ការលំបាក និងដំណាក់កាលគន្លឹះ ដែលពាក់ព័ន្ធដល់ទំនាក់ទំនង និងទំនាស់ផ្នែកផលប្រយោជន៍ ក្នុងស្រទាប់ថ្នាក់ជ្រៅ ។
ឯកឧត្តម ស៊ី ជីនភីង (Xi Jinping) បានប្រើវិធានការជំរុញសេដ្ឋកិច្ច ឱ្យអភិវឌ្ឍដោយបរិសុទ្ធនិងជានិរន្តរភាព កែលម្អជីវភាពរស់នៅរបស់ប្រជាជន ជំរុញបុព្វហេតុនៃការរំដោះខ្លួនចេញពីភាពក្រីក្រ និងកាត់បន្ថយភាពក្រីក្រ ជំរុញកិច្ចកសាងអេកូ-អរិយាធម៌ ជំរុញការប្រឆាំងអំពើពុករលួយ និងផ្តួចផ្តើមភាពស្អាតស្អំ គ្រប់គ្រងបក្សយ៉ាងម៉ឺងម៉ាត់ និងលើកកម្ពស់សមត្ថភាពដឹកនាំ របស់បក្សកាន់អំណាចជាដើម ។ នាឆ្នាំ២០១៣ ឯកឧត្តមស៊ី ជីនភីង (Xi Jinping) បានលើកពីគំនិតផ្តួចផ្តើមស្តីពីការរួមគ្នា កសាងយុទ្ធសាស្ត្រខ្សែក្រវាត់មួយនិងផ្លូវមួយ និងបង្កើតធនាគារវិនិយោគហេដ្ឋា រចនាសម្ព័ន្ធអាស៊ី ដែលទទួលបានការគាំទ្រ និងចូលរួមយ៉ាងសកម្ម ។
រយៈពេល៣ឆ្នាំកន្លងមកនេះ ដំណើរវិវឌ្ឍនិងសមិទ្ធផល នៃកិច្ចកសាងយុទ្ធសាស្ត្រខ្សែក្រវាត់ មួយនិងផ្លូវមួយទទួលបាន ផលជាផ្លែផ្កាលើសពីការរំពឹងទុក រីឯសេចក្តីផ្តួចផ្តើមស្តីពីការ បង្កើតធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធ អាស៊ីក៏បានសម្រេចនា ខែធ្នូឆ្នាំ២០១៥ផងដែរ ។ មិនថាការបំពេញការងារនៅតាមតំបន់ ឬនៅមជ្ឈិម ឯកឧត្តម ស៊ី ជីនភីង (Xi Jinping) សុទ្ធតែផ្តោតការយកចិត្តទុកដាក់ ខ្ពស់ដល់ការងារការទូត និងរាប់អានជាមួយមិត្តភក្តិអន្តរជាតិ យ៉ាងទូលំទូលាយ ។
ពេលបម្រើការងារនៅរដ្ឋបាលតំបន់ ឯកឧត្តមបានទៅបំពេញទស្សនកិច្ចនៅប្រទេស និងតំបន់ជាង៦០ក្នុងទ្វីបទាំង៥ និងបានទទួលជួបជាមួយ ភ្ញៀវបរទេសជាច្រើនរូប ។ ក្រោយពីចូលបំពេញការងារនៅមជ្ឈិម ឯកឧត្តមក៏បានស្វាគមន៍ភ្ញៀវបរទេសដែលមកបំពេញទស្សនកិច្ចនៅក្នុងប្រទេសចិនជាច្រើនរូបផងដែរ មិនត្រឹមតែប៉ុណ្ណោះទេ ឯកឧត្តមក៏បានធ្វើការ ប្រាស្រ័យទាក់ទងយ៉ាងទូលំទូលាយ និងប្រកបដោយមេត្រីភាព ជាមួយឥស្សរជនគ្រប់មជ្ឈដ្ឋាន នៃបណ្តាប្រទេសលើពិភពលោក ។
ឯកឧត្តម ស៊ី ជីនភីង (Xi Jinping) បានបង្ហាញយ៉ាងស្មោះចំពោះ ឥស្សរជនគ្រប់មជ្ឈដ្ឋាននៅក្រៅប្រទេស អំពីការយល់ឃើញរបស់ប្រជានជន ចិនចំពោះប្រទេសរបស់ខ្លួន និងពិភពលោកបច្ចុប្បន្ន ជាមួយគ្នានេះដែរ ឯកឧត្តមក៏រីករាយស្តាប់ នូវមតិយោបល់របស់សមភាគី និងស្វែងយល់ពីគំនិត របស់ពួកគេផងដែរ ។ អ្នកនយោបាយបរទេសសំខាន់ៗ ជាច្រើនដែលធ្លាប់ប្រាស្រ័យទាក់ទង ជាមួយឯកឧត្តម ស៊ី ជីនភីង (Xi Jinping) សុទ្ធតែកត់សម្គាល់ឃើញថា ឯកឧត្តម ស៊ី ជីនភីង (Xi Jinping)ជាអ្នកដឹកនាំ ដែលមានជំនឿចិត្ត មានភាពប្រាកដប្រជា ប្រកបដោយគតិបណ្ឌិត និងមានមេត្រីភាព ។
គ្រួសារដ៏មានសុភមង្គល
ឯកឧត្តម ស៊ី ជីនភីង (Xi Jinping) មានគ្រួសារមួយដ៏មាន សុភមង្គលនិងពេញបរិបូរណ៍ ។ ភរិយារបស់ឯកឧត្តមមានឈ្មោះថាPeng Liyuan ឯកឧត្តមនិងភរិយាជួបគ្នា ជាលើកដំបូងនៅឆ្នាំ១៩៨៦ ហើយបន្ទាប់មក អ្នកទាំងពីរក៏បានជាប់ ចិត្តជាប់និស្ស័យជាមួយគ្នា ។ ក្រោយពីរៀបការ ឯកឧត្តមនិងភរិយា មានកូនស្រីដ៏គួរឱ្យស្រឡាញ់ម្នាក់ ។
លោកស្រី Peng Liyuan មានដើមកំណើតនៅ ខេត្ត Shandong លោកស្រីគឺជាតារាចម្រៀង ដ៏ល្បីល្បាញដែលប្រជាជនចិន អ្នកណាៗក៏សុទ្ធតែស្គាល់ឈ្មោះ របស់លោកស្រីដែរ ។ លោកស្រីធ្លាប់តំណាងប្រទេសចិន ទៅបំពេញទស្សនកិច្ច និងធ្វើការសម្តែងនៅប្រទេស និងតំបន់ជាង៥០លើពិភពលោក ។ បច្ចុប្បន្ននេះ លោកស្រី Peng Liyuan បានផ្តោតការយកចិត្តទុកដាក់លើ ការអប់រំផ្នែកសិល្បៈ ខិតខំបណ្តុះបណ្តាលយុវវ័យឆ្នើម ដែលមានទេពកោសល្យខ្ពស់ និងធ្វើការណែនាំដល់ការផលិត ស្នាដៃសិល្បៈប្រណីតៗ ។
ក្រៅពីវិស័យសិល្បៈ លោកស្រី Peng Liyuan ក៏បានខិតខំប្រឹងប្រែងសម្រាប់ បុព្វហេតុដើម្បីផលប្រយោជន៍ សាធារណៈក្នុងរយៈពេល ជាយូរមកផងដែរ លោកស្រីជាឯកអគ្គរដ្ឋទូតសប្បុរសផ្នែកជំងឺរបេង និងជំងឺអេដស៍របស់អង្គការ សុខភាពពិភពលោក ជាអ្នកផ្សព្វផ្សាយផ្នែកអប់រំអំពី ការបង្ការជំងឺអេដស៍ ជាឯកអគ្គរដ្ឋទូតសម្រាប់ ការគ្រប់គ្រងការជក់បារី និងជាឯកអគ្គរដ្ឋទូតសប្បុរសដើម្បីថ្ងៃស្អែក ស្តីពីការបង្ការបទឧក្រិដ្ឋរបស់ យុវវ័យនៃប្រទេសចិនផងដែរ ។
ក្នុងកែវភ្នែករបស់លោកស្រី Peng Liyuan ស្វាមីរបស់គាត់ជាមនុស្សម្នាក់ ដែលខុសពីមនុស្សទូទៅផង ហើយក៏ជាមនុស្ស យ៉ាងសាមញ្ញផងដែរ ។ ឯកឧត្តម ស៊ី ជីនភីង (Xi Jinping) ចូលចិត្តបរិភោគម្ហូបShanxi និង Shandong ពេលជួបជុំជាមួយ មិត្តភក្តិចូលចិត្ត ពិសាស្រាបន្តិចបន្តួច ដើម្បីបន្ថែមបិរយាកាសសប្បាយរីករាយ។ ឯកឧត្តមចូលចិត្តហែលទឹក ឡើងភ្នំ មើលការប្រកួតបាលបោះ បាល់ទាត់និងប្រដាល់ ហើយជួនកាលលោក ក៏ទស្សនាកម្មវិធី កីឡាដែលផ្សាយបន្តផ្ទាល់ តាមកញ្ចក់ទូរទស្សន៍នៅពេល យប់ជ្រៅផងដែរ ។
ឯកឧត្តម ស៊ី ជីនភីង (Xi Jinping) និងភរិយាបានដាក់ឈ្មោះឱ្យកូនស្រីថា Mingze ដែលមានន័យថាធ្វើជាមនុស្សស្អាតស្អំ និងមានប្រយោជន៍ដល់សង្គម ។ នេះគឺជាក្តីសង្ឃឹមរបស់ពួកគាត់ ចំពោះកូនស្រីផង ហើយក៏ជាការឆ្លុះបញ្ចាំងពីឥរិយាបថ គ្រួសារដ៏សាមញ្ញរបស់ពួកគាត់ផងដែរ៕