មេខ្លោង​ឈ្មួញ​ឈើ​ដ៏​ធំ​ប្រចាំ​ភូមិភាគ​ឦ​សាន្ត​​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 13 October, 2016 ក+ ក-

ខេត្តស្ទឹងត្រែង​៖​កម្លាំង​ក្រុម​ស្រាវជ្រាវ​ព័ត៌មាន និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​រប​ស់​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​ឃាត់ខ្លួន​យាយ​ព្រឿង ជនជាតិ​វៀតណាម ដែលជា​ឈ្មួញ​ឈើ​ដ៏​ធំ​ប្រចាំ​ភូមិភាគ​ឦ​សាន្ត និង​មាន​ទីតាំង​ស្តុក​ឈើ​ជាច្រើន​កន្លែង​នៅក្នុង​ខេត្តស្ទឹងត្រែង​។ ការឃាត់ខ្លួន​នេះ​ធ្វើឡើង​កាលពី​វេលា​ម៉ោង​៤​ទៀបភ្លឺ​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០១៦ នៅក្នុង​បរិវេណ​សង្កាត់រដ្ឋបាល​ព្រៃឈើ​អូរ​ពងមាន់ ខេត្តស្ទឹងត្រែង បន្ទាប់ពី​មេ​ឈ្មួញ​ដ៏​ធំ​រូបនេះ បាន​យក​រថយន្ត​២​គ្រឿង និង​កម្មករ​៧​នាក់ មក​រំដោះ​ឈើ ដែល​សមត្ថកិច្ច​បង្ក្រាប​ចាប់ ហើយ​នាំយកមក​រក្សាទុក​នៅក្នុង​សង្កាត់រដ្ឋបាល​ព្រៃឈើ​អូរ​ពងមាន់​នោះ ។
​គួរ​បញ្ជាក់ថា កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០១៦ កម្លាំង​ក្រុមការងារ ស្រាវជ្រាវ ព័ត៌មាន និង​បង្ក្រាប​ព្រៃឈើ របស់​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​ស្រាវជ្រាវ រកឃើញ​គំនរ​ឈើ​ដ៏​ច្រើន ត្រូវបាន​គេ​យកទៅ​លាក់ទុក​នៅក្នុង​ដីចម្ការ ស្ថិត​ក្នុងភូមិ ឃុំ ស្រែ​ក្រសាំង ស្រុក​សៀម​បូក ខេត្តស្ទឹងត្រែង ។
​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ឈើ​ទាំងនោះ ជា​ប្រភេទ​ឈើ​ប្រណីត ដែលមាន​ចំនួន​ដ៏​ច្រើន ត្រូវបាន​ក្រុមការងារ​ស្រាវជ្រាវ​ព័ត៌មាន និង​បង្ក្រាប​បទល្មើស​ព្រៃឈើ សហការ​ជាមួយ​រដ្ឋបាល​ព្រៃឈើ ដឹកជញ្ជូន​ឈើ​ទាំងនោះ យកទៅ​រក្សាទុក​នៅ​សង្កាត់រដ្ឋបាល​ព្រៃឈើ​អូរ​ពងមាន់​តាំងពី​រសៀល​ថ្ងៃទី​១២ ខែតុលា រហូតដល់​រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០១៦ ទើប​រួចរាល់ ដែល​ឈើ​ទាំងនោះ មាន​ចំនួន​៦​ឡាន​សាំ​យ៉ុង និង​៦​ឡាន​បែន ។
​បន្ទាប់ពី​កម្លាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​យកទៅ​រក្សាទុក​នៅ​សង្កាត់រដ្ឋបាល​ព្រៃឈើ​អូរ​ពងមាន់ ស្រាប់តែ​នៅវេលា​ម៉ោង​៤​ព្រឹក​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០១៦ ក៏មាន​វត្តមាន​យាយ​ព្រឿង ថៅកែ​ឈ្មួញ​ឈើ​ល្មើសច្បាប់ ជាមួយ​កម្មករ​៧​នាក់ និង​រថយន្ត​២​គ្រឿង ១​គ្រឿង​ម៉ាក​បា​ឡែ​ន ពណ៌​ស និង​មួយគ្រឿង​ទៀត​ម៉ាក​សាំ​យ៉ុង ចូលមក​រំដោះ​ឈើ និង​ឡោមព័ទ្ធ​មកលើ​កងកម្លាំង ដែល​កំពុង​យាម​ឈើ​នៅក្នុង​ទីតាំង​នោះ​ថែមទៀត ។​
​សមត្ថកិច្ច​បាន​ឃាត់ខ្លួន យាយ ព្រឿង ក្នុង​បទល្មើស​ជាក់ស្តែង មក​រំដោះ​ឈើ​នៅក្នុង​បរិវេណ​រដ្ឋបាល​ព្រៃឈើ​សង្កាត់​អូរ​ពងមាន់ ។ ដោយឡែក កម្មករ​៧​នាក់ ត្រូវបាន​រត់គេចខ្លួន​ពី​កន្លែងកើតហេតុ ។
​ពាក់ព័ន្ធ​ទៅនឹង​ករណី​យាយ ព្រឿង ចូលមក​រំដោះ​ឈើ សង្ស័យ​មាន​អំពើ​ឃុបឃិត​គ្នា​ណាមួយ រវាង​រដ្ឋបាល​ព្រៃឈើ ជាមួយនឹង​យាយ​ព្រឿង ខណៈ​ឈើ​ត្រូវបាន​រក្សាទុក​នៅក្នុង​សង្កាត់រដ្ឋបាល​ព្រៃឈើ​រួចរាល់ រួមទាំង​ចាក់សោ តែមាន​វត្តមាន​យាយ ព្រឿង ចូលទៅក្នុង​បរិវេណ​ជាមួយនឹង​កម្មករ​៧​នាក់ ដើម្បី​រំដោះ​ឈើ ចំណុច​នេះ មានន័យថា មន្ត្រីរដ្ឋបាល​ព្រៃឈើ​ប្រចាំការ​នៅ​ទីនោះ អាច​ចាក់សោ​ឲ្យ​ក្រុម​យាយ​ព្រឿង​ចូល រួចខ្លួន​បែរជា​ទៅសម្ងំ​ដេក ដើម្បី​បំភ័ន្ត​សមត្ថកិច្ច ។
​មួយរយៈ​កន្លងទៅនេះ ក្រុមការងារ​ស្រាវជ្រាវ​ព័ត៌មាន និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​រប​ស់​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​បំពេញការងារ​ដ៏​សស្រាក់សស្រាំ ចុះ​ស្រាវជ្រាវ​ព័ត៌មាន និង​បង្ក្រាប​បទល្មើស​ព្រៃឈើ ដូចជា​ករណី ឈើ​ជាច្រើន​កំណាត់​នៅក្នុង​ដីចម្ការ ស្ថិតនៅ​ក្នុងភូមិ ឃុំ ស្រែ​ក្រសាំង ស្រុក​សៀម​បូក គឺ​ឈ្មួញ​យាយ ព្រឿង នេះ​តែម្តង បាន​យកទៅ​លាក់ទុក​ស្ទើរតែ​គ្រប់​ទីកន្លែង ដែល​ធ្វើ​ឲ្យ​សមត្ថកិច្ច​ពិបាក​ក្នុង​ការរុករក ។
​ពាក់ព័ន្ធ​ទៅនឹង​ករណី ដែល​យាយ​ព្រឿង នាំ​កម្មករ​ទៅ​រំដោះ​ឈើ​នៅក្នុង​បរិវេណ​សង្កាត់រដ្ឋបាល​ព្រៃឈើ​អូរ​ពងមាន់ មិន​ត្រឹមតែ​សង្ស័យថា ជំនាញ​រដ្ឋបាល​ព្រៃឈើ​របស់លោក ឆៀង តុលា មាន​ករណី​ឃុបឃិត​គ្នា​ជាមួយ​យាយ​ព្រឿង ប៉ុណ្ណោះ​ទេ សូម្បីតែ​ករណី រដ្ឋបាល​ព្រៃឈើ ប្រើប្រាស់​រថយន្ត និង​កម្មករ មក​ដឹកជញ្ជូន​ឈើ​នៅក្នុង​ដីចម្ការ​ខាងលើ ដែល​ក្រុមការងារ​ស្រាវជ្រាវ​ព័ត៌មាន និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​ប្រគល់​ឲ្យ ក៏ត្រូវ​បាន​គេ​ដឹងថា ជំនាញ​រដ្ឋបាល​ព្រៃឈើ បាន​យក​រថយន្ត និង​កម្មករ​របស់​យា​យ​ព្រឿង មក​ធ្វើជា​មធ្យោបាយ​ដឹកជញ្ជូន​ឈើ​ទាំងនេះ យកទៅ​រក្សាទុក និង​សង្កាត់រដ្ឋបាល​ព្រៃឈើ​អូរ​ពងមាន់​ទៀតផង ។
​ការបង្ក្រាប​បទល្មើស​ព្រៃ​ឈើ និង​ឈានដល់​ឃាត់ខ្លួន​យាយ ព្រឿង ដែលជា​ឈ្មួញ​ល្មើសច្បាប់​ដ៏​ធំ​នៅ​ភូមិភាគ​ឦ​សាន្ត ត្រូវបាន​មជ្ឈដ្ឋាន​ទូទៅ​មានការ​គាំទ្រ​ចំពោះ​ចំណាត់ការ​របស់​កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ដែល​ខិតខំ​បំពេញការងារ​របស់ខ្លួន ទទួលបាន​លទ្ធផល​ជោគជ័យ ទន្ទឹមនឹង​ករណីនេះ​ផងដែរ សមត្ថកិច្ច​ក៏​បន្ត​នីតិវិធី បើក​ការស្រាវជ្រាវ​ពី​បញ្ហា​មន្ត្រីរដ្ឋបាល​ព្រៃឈើ ហេតុអ្វី​ក៏មាន​ការពាក់ព័ន្ធ​ជាមួយនឹង​យាយ​ព្រឿង ឈានដល់​ការឃុបឃិត រំដោះ​ឈើ​នៅក្នុង​បរិវេណ​ដែល​ខ្លួន​គ្រប់គ្រង​ថែមទៀត​៕

14643015_1775620989343130_633320837_n14686170_1775621036009792_1775223272_n