ឃុំ​៤​ក្នុងស្រុក​មង្គលបុរី​ប្រឈម​ការ​ជន់​លិច​ដោយ​​ទឹកភ្លៀង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 14 October, 2016 ក+ ក-

ខេត្តបន្ទាយមានជ័យ​៖​ឃុំ​ចំនួន​៤​នៅក្នុង​ស្រុក​មង្គលបុរី គឺ​ឃុំ​សឿ ឃុំ​ចំណោម ឃុំ​រហាត់ទឹក និង​ឃុំ​បត់​ត្រង់ ត្រូវបាន​លោក ឡុង ពុន អភិបាលស្រុក​មង្គលបុរី​ប្រាប់​ឲ្យ​ដឹងថា​កំពុង​ប្រឈម​រង​ការ​ជន់​លិច​ដោយ​ទឹកភ្លៀង ហើយ និង​អាច​ជន់​លិច​បើសិន​ភ្លៀង​នៅតែ​បន្ត​ធ្លាក់​ខណៈដែល​ទឹកស្ទឹង​មង្គលបុរី ដែល​ហូរ​ចាក់​ពី​ស្ទឹង​ប​វេ​ល ខេត្តបាត់ដំបង​។​
នៅ​ព្រឹក​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០១៦ គេ​សង្កេតឃើញ​ទឹក​មាន​ស្ថានភាព​ហក់​ឡើង​បន្តិច ក្រោយពី​ខេត្តបន្ទាយមានជ័យ​បានទទួល​រង​នៅ​សំពាធ​ទាប ដែលមាន​ភ្លៀង​ធ្លាក់​ជាប់ៗ​គ្នា​ក្នុង​រយៈពេល​៣​ទៅ​៤​ថ្ងៃ​ចុង​ក្រោយនេះ ក៏ប៉ុន្តែ​ស្ថានភាព​ទឹក​មិនទាន់​ដល់​កំរិត​ប្រកាសអាសន្ន​នៅឡើយ​នោះទេ​។​
គ្រា​ដែល​នៅសល់តែ​ប៉ុន្មាន​ថ្ងៃ​ខាងមុខ​ទៀត​ប៉ុណ្ណោះ អាកាសធាតុ​រង​សំពាធ​ទាប និង​ផុតកំណត់ បន្ទាប់ពី​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​បានប្រកាស​ឱ្យដឹងថា ប្រទេស​កម្ពុជា ក៏ដូចជា​ខេត្តបន្ទាយមានជ័យ​រង​សំពាត​ទាប ចាប់ពី​ថ្ងៃ​១២ ដល់​ថ្ងៃទី​១៦​ខែតុលា ឆ្នាំ​២០១៦​។​
​សេចក្តីរាយការណ៍​ឲ្យ​ដឹងថា នៅ​ស្រុក​មង្គលបុរី​នោះដែរ ផ្លូវលំ​១​ខ្សែ​ដែល​ចេញពី​ឃុំ​ចំណោម ដល់​ភូមិ​សាយ​សាម៉ន ត្រូវបាន​ទឹកជំនន់​ហូរ​កាត់ផ្តាច់​ជាច្រើន​កន្លែង បង្កឱ្យមាន​ការលំបាក​នៃ​ការធ្វើដំណើរ​របស់​បង​ប្អូន​ប្រជាពលរដ្ឋ​។​ការ​ជន់​លិច​នោះ​មិនទាន់មាន​សេចក្តីរាយការណ៍​លិច​លំនៅដ្ឋាន​ប្រជាពលរដ្ឋ​នៅឡើយ​នោះទេ​។​
​លោក ឡុង ពុន អភិបាលស្រុក​មង្គលបុរី​ប្រាប់​ឱ្យដឹងថា ស្រុក​មង្គលបុរី មកដល់ពេលនេះ​មិនទាន់​មានការ​ជន់​លិច​ទឹកជំនន់​ធ្ងន់​នោះទេ ទន្ទឹម​ដែល​ការបង្កបង្កើន​ផល​ស្រូវ​នៅ​ស្រុក​មង្គលបុរី​មាន​ទិន្នផល​កើនឡើង​សម្រាប់​ឆ្នាំនេះ​។​ដំណាំ​ស្រូវ​មួយចំនួន​រង​ការ​ជន់​លិច ប៉ុន្តែ​គ្រាន់តែ​រង​ផលប៉ះពាល់​ប៉ុណ្ណោះ ដំណាំ​ស្រូវ​ដែល​លិចលង់​អាច​រង​ការខូចខាត​បើសិន​ភ្លៀង​នៅតែ​បន្ត​ធ្លាក់​ទៀត​នោះ​។​ចំនួន​ផ្ទៃដី​ដំណាំ​ស្រូវ​ដែល​លិ​លង់​មិនទាន់​ដឹង​ចំនួន​ពិតប្រាកដ​នៅឡើយ​នោះទេ​រងចាំ​មន្ត្រី​មូលដ្ឋាន​ចុះ​ស្រាវជ្រាវ​នោះ​សិន ។​
​ពាក់ព័ន្ធ​និង​បញ្ហា​ទឹកជំនន់​នេះដែរ​នៅ​ស្រុក​ព្រះនេត្រព្រះ ស្ថិតក្នុង​ឃុំ​ទឹកជោរ និង​ឃុំ​ប្រាសាទ ក៏មាន​ការ​ជន់​លិច ដោយ​ទឹកភ្លៀង​នោះដែរ​។ សាលារៀន មណ្ឌល​សុខភាព ផ្លូវលំ និង​ដំណាំ​ស្រូវ មួយចំនួន​រង​ការ​ជន់​លិច ផង​នោះ​ទៀត​។ ដោយឡែក​នៅ​ក្រុង​ប៉ោយប៉ែត ជាប់​និង​ប្រទេស​ថៃ លោក ង៉ោ ម៉េង​ជ្រួ​ន អភិបាលក្រុង​ប៉ោយប៉ែត​ប្រាប់​ឱ្យដឹងថា ក្រុង​ប៉ោយប៉ែត មកដល់​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០១៦​មិនទាន់មាន​បញ្ហា​ទឹកជំនន់​អ្វី​ឡើយ នោះទេ អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត​តែងតែ​ទំនាក់ទំនង​ជាមួយនិង​គណៈកម្មាធិការ​គ្រោះមហន្តរាយ​របស់​ថៃ​ដោយ គេ​មិនទាន់​ជូនដំណឹង​ពី​ភាព​ប្រកាសអាសន្ន​បញ្ហា​ទឹកជំនន់​ដល់​ភាគី​កម្ពុជា​យើង​នៅឡើយ​នោះទេ​។ អាជ្ញាធរ​ក្រុង​កំពុង​តាមដាន​ស្ថានភាព​ទឹកជំនន់​នៅក្នុង​ប្រទេស​ថៃ​ជាប្រចាំ​។​
​សូមបញ្ជាក់ថា ខេត្តបន្ទាយមានជ័យ​ត្រូវគេ​មើលឃើញថា ស្ថានភាព​រងគ្រោះ​ដោយ​ទឹកជំនន់​កន្លងមក​គឺ​ផ្តើម​ពី​ការ​ជន់​លិច​ទឹក​ពី​ប្រទេស​ថៃ​ធ្លា​ក់មក ខេត្តបន្ទាយមានជ័យ ដែលជា​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា​-​ថៃ​នោះ​ផងដែរ​៕

unnamed-21unnamed5