គ្រូបង្រៀន​ផ្នែក​សារព័ត៌មាន​លោក សេក បរិសុទ្ធ ទទួលមរណភាព​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 17 October, 2016 ក+ ក-

​ខេត្តក្រចេះ​៖​លោក សេក បរិសុទ្ធ អ្នកសារព័ត៌មាន​ចាស់វស្សា​និង​ជា​គ្រូបង្រៀន​ផ្នែក​សារព័ត៌​មាននៅ​សាកល​វិទ្យា​ល​ភូមិន្ទ​ភ្នំពេញ បានទទួល​មរណៈភាព​ហើយ កាលពី​ម្សិលមិញ ដោយ​ជួប​គ្រោះថ្នាក់​ចរ​ចរណ៍ ។​
​លោក សេក បរិសុទ្ធ អាយុ​៥០​ឆ្នាំ បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ក្រឡាប់​រថយន្ត នៅ​ទឹកដី​ស្រុក​សំបូរ ខេត្តក្រចេះ នៅ​រសៀល​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០១៦​នេះ រហូត​បាត់​បង់ជីវិត​។​
​លោក សេក បរិសុទ្ធ រួម​ដំណើរ​ជាមួយ​បុគ្គលិក​២​នាក់​ទៀត របស់លោក កំពុងធ្វើដំណើរ​ទៅ​បំពេញបេសកកម្ម​ការងា​រ​ខេត្តរតនគិរី (​លោក​អង្គុយ​ខាងមុខ​ជាប់​តៃកុង​) ស្រាប់តែ​ដល់​ស្រុក​សំបូរ ខេត្តក្រចេះ ក៏​ជួប​គ្រោះ​អកុសល​តែម្តង​។​
​អធិការនគរបាល​ស្រុក​សំបូរ ខេត្តក្រចេះ បាន​បញ្ជាក់ថា គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​នៅវេលា​ម៉ោង​៣៖៣៥​នាទី​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០១៦​នេះ ស្ថិតនៅ​ចំណុច​អូរ​កណ្តៀរ​ភូមិ​អូរ​ព្រះ ឃុំ​អូរ​គ្រៀង ស្រុក​សំបូរ​ផ្លូវជាតិ​លេខ​៧ ក្រចេះ​-​ស្ទឹងត្រែង ។ គ្រោះថ្នាក់​នេះ កើតឡើង ខណៈដែល រថយន្ត​ម៉ាក​ហ្វ​ត​ពណ៌​មាស​ពាក់​ស្លាក​លេខ OMG442002 របស់​អង្គការ AEA របស់​ជនរងគ្រោះ​បានធ្វើ​ដំណើរ​ពី​ទិស​ត្បូង​ទៅ​ជើង​ដល់​ចំណុចកើតហេតុ​គេច​ក្មេង​រត់​ឆ្លងកាត់​ផ្លូវ បណ្តាលអោយ​ក្រឡាប់ បណ្តាល​ឲ្យ​លោក សេក បរិសុទ្ធ ដែល​អង្គុយ​នៅខាងមុខ ជាប់​ជាមួយ​តៃកុង គៀប​ជាប់​ជាមួយ​រថយន្ត ស្លាប់​ភ្លាមៗ​តែម្តង​។ ដោយឡែក​ជនរងគ្រោះ​២​នាក់​ទៀត មាន​ស្រី​ម្នាក់​អង្គុយ​ពីក្រោយ បាន​រងរបួស​ធ្ងន់​ស្រាល​៕

fn-2016-10-16-08-35-03-0