ខេត្តកែប៖មន្ត្រីនគរបាលជំនាញក្រុងកែបបានប្រាប់ឲ្យដឹងថា ជនសង្ស័យសម្លាប់ក្មេងស្រីអាយុ៧ឆ្នាំ ប្លន់យកក្រវិលកាឡៃតម្លៃ២៥០០រៀលត្រូវបានកម្លាំងសមត្ថកិច្ចជំនាញស្រាវជ្រាវចាប់បានហើយកាលពីព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦ ខណ:ជនសង្ស័យកំពុងធ្វើការងារសំណង់នៅភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប។
មន្ត្រីដដែលបន្តថា ការឃាត់ខ្លួននេះធ្វើឡើងកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌខេត្ត សហការជាមួយកម្លាំងនគរបាលក្រុង និងនគរបាលមូលដ្ឋាន ក្រោមការបញ្ជាផ្ទាល់ពីស្នងការនគរបាលខេត្តលោកឧត្តមសេនីយ៍ត្រី អ៊ីង សំអុល។ មន្ត្រីរូបនោះបញ្ជាក់ថា ជនដៃដល់ដែលប្លន់សម្លាប់ក្មេងស្រី យ៉ាងសាហាវឃោរឃៅឈ្មោះ តេង ពឿន ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកសិករ រស់នៅភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុង និងខេត្តកែប។ ចំណែកសពក្មេងស្រីរងគ្រោះ មានឈ្មោះ អែម លីហ្សា អាយុ៧ឆ្នាំ មានឪពុកឈ្មោះ អែម វិចិត្រ អាយុ៣៣ឆ្នាំ និងម្ដាយឈ្មោះ ទ្រី ចិន អាយុ៣៣ឆ្នាំ រស់នៅភូមិ-សង្កាត់កើតហេតុខាងលើ។
គួររម្លឹកថា កាលពីថ្ងៃទី១៦ ខែតុលា នៅក្រុងកែប ខេត្តកែបមានករណីសម្លាប់ក្មេងស្រីម្នាក់យ៉ាងសាហាវឃោរឃៅប្លន់យកក្រវិលកាឡៃ តំលៃ២៥០០រៀល រួចហើយក៏យកសពទៅ ទម្លាក់ចូល ទៅក្នុងទឹករណ្ដៅ៕