ខេត្តពោធិ៍សាត់៖សមត្ថកិច្ចបានចាប់ខ្លួនបុរសម្នាក់ ដែលគេអះអាងថា ជាមេខ្លោងបំផុសបំផុលឲ្យប្រជាពលរដ្ឋចូលកាប់រុករានដីព្រៃសហគមន៍នៅស្រុកភ្នំក្រវ៉ាញ យកមកធ្វើជាកម្មសិទ្ធិដោយខុសច្បាប់។ប្រតិបត្តិការនេះធ្វើឡើងកាលពីថ្ងៃទី១៦-១៨ ខែតុលា ឆ្នាំ២០១៦ នៅចំណុចវាល១ និងវាល២ ក្នុងព្រៃសហគមន៍ (ព្រៃដៃគូឃុំសំរោង) ស្ថិតក្នុងភូមិអង្គ្រង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលជាមេខ្លោងបំផុសបំផុលប្រជាពលរដ្ឋឲ្យកាប់រានដីព្រៃសហគមន៍នោះ មានឈ្មោះ ជា សារ៉ូ អាយុ ៥៥ឆ្នាំ បច្ចុប្បន្នរស់នៅភូមិអង្គ្រង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
ក្រោយការឃាត់ខ្លួនមេក្លោងមកសួរនាំ និងធ្វើកំណត់ហេតុនៅអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញរួចមក កម្លាំងរបស់លោកបានប្រគល់ជនសង្ស័យទៅឲ្យជំនាញផ្នែករដ្ឋបាលព្រៃឈើ ចាត់ការបន្តតាមនីតិវិធី។
សូមជម្រាបថា រយៈពេល៣ថ្ងៃ កម្លាំងចម្រុះ បានចុះប្រតិបត្តិការនិងដកហូតបានម៉ាស៊ីនត្រង់ទឺន័រ ០២គ្រឿង រុះរើ និងដុតកម្ទេចចោល ខ្ទមសង់ពីឈើលើដីចំនួន២៨ខ្នង ដែលបានសាងសង់លើដីព្រៃសហគមន៍ ៕